ដូចដែលប្រិយមិត្តបានដឹងហើយថា ទូរស័ព្ទ Galaxy Note 7 ត្រូវបានក្រុមហ៊ុន Samsung ធ្វើការប្រមូលចូលវិញទាំងអស់ ដើម្បីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក្រោយកើតហេតុការណ៍អាក្រក់ក្នុងអំឡុងពេលសាកថ្ម។ យ៉ាងណាមិញ ស្មាតហ្វូនមួយនេះ បានលេចឮដំណឹងមកថា នឹងមានវត្តមានលើទីផ្សារជាថ្មីម្ដងទៀត ក្រោយពីមានការសម្រួលលក្ខណៈបច្ចេកទេស ដែលរួមមានថាមពលថ្ម និងទម្លាក់តម្លៃឱ្យទាបជាងមុន។ តែអ្វីដែលជាចម្ងល់នោះគឺ តើទូរស័ព្ទ Note 7 ដែលត្រៀមដាក់លក់ជាថ្មីហ្នឹង ជាទូរស័ព្ទដែលប្រមូលចូលវិញនោះ ឬជាទូរស័ព្ទផលិតថ្មី?
ទាក់ទងនឹងរឿងនេះដែរ លោក ជា សុជាតិ នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន Thai Samsung Electronics ប្រចាំប្រទេសកម្ពុជា បានទទួលស្គាល់ថា រឿងការបង្ហាញខ្លួនម្ដងទៀតរបស់ Note 7 វាជាការពិត ប៉ុន្តែអាចមិនមែនក្នុងទីផ្សារកម្ពុជាទេ ព្រោះគិតត្រឹមខែឧសភា ឆ្នាំ 2017 នេះ មិនទាន់មានដំណឹងណាមួយស្តីពីការវិលត្រឡប់របស់ Note 7 មកទីផ្សារស្រុកខ្មែរវិញនៅឡើយទេ។ ក្នុងនោះលោកបានបញ្ជាក់ថា ការប្រមូលស្មាតហ្វូននេះចូលវិញ ត្រូវបានក្រុមហ៊ុនយកទៅធ្វើការពិនិត្យមើល ដើម្បីកំណត់ពីមូលហេតុ ហើយចុងក្រោយ គឺ Samsung នឹងយកទូរស័ព្ទទាំងនោះទៅកម្ទេចចោលទាំងអស់។
លោកថា៖ «ខ្ញុំគិតថា គេកម្ទេចចោល របស់ដែលគេផលិតហើយខុសត្រូវតែកម្ទេចចោល បើវត្ថុធាតុដើមយើងអាចកែច្នៃវាឡើងវិញបាន តែម៉ាស៊ីនវិញ បើចេញមកហើយមានបញ្ហា យើងត្រូវតែកម្ទេចវាចោល គឺមិនមែនយកម៉ាស៊ីនដែលមានបញ្ហានោះមកជួសជុល ហើយយកមកលក់វិញនោះទេ»។
បន្ថែមពីនេះ មានព័ត៌មានថ្មីមួយទៀតពី Note 7 ដែលត្រូវបានគេចុះផ្សាយថា វានឹងត្រូវប្តូរឈ្មោះទៅជា Galaxy Note FE ដែលមកពីពាក្យ “Fandom Edition” ជាមួយនឹងការកែខៃត្រង់គុណភាពថ្ម ហើយ Note FE នឹងមានលក់ក្នុងតម្លៃ ប្រហែល 1/3 នៃតម្លៃ Note 7 ដើម ចាប់ពីចុងខែមិថុនា នេះទៅ។
ទូរស័ព្ទប្រមាណ 300,000 គ្រឿងនឹងត្រូវផលិត និងចែកចាយលក់ ខណៈដែល Samsung កំពុងមានទំនុកចិត្តទៅលើប្រជាប្រិយភាពនៃកំពូលថេប្លេតរបស់ខ្លួន ហើយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនផលិតថ្មីនេះនឹងរក្សាទុកនៅដដែល ខុសតែទំហំថ្មដែលត្រូវទម្លាក់មកនៅត្រឹមតែ 3200mAh វិញប៉ុណ្ណោះ៕