បើតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Heng Loong ដែលមានរូបភាពលោក ហេង ឡុង នៅក្នុងប្រូហ្វាល បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលលោកបានអះអាងថា ជាអត្តសញ្ញាណជនសង្ស័យដែលប៉ងធ្វើឃាតប្អូននាយ ពែក មី ត្រូវបង្ហាញជាបឋម។
ប្រភពខាងលើដដែលនេះ បានសរសេរថា «សុំស៊ែរឱ្យអាមេឃាតករម្នាក់1 មក…។ លោកឯងអាងស្អី? អាមួយនេះសាហាវជាងប៉ុលពតទៀត វាសុទ្ធតែចង់យកក្បាលគេមកធ្វើកំណល់ឡានវា ចាំមើលមានអ្នកធំណាមកកាងអាមេឃាតករឯង ហើយបើអាមួយនេះរត់បាត់ គឺអាជ្ញាធរអសមត្ថភាពហើយ ស្រុកខ្មែរបើមានមនុស្សបែបនេះតែពីរបីនាក់ងាប់ប្រជាជនអស់ហើយ វាប៉ូលិសខណ្ឌឬស្សីកែវ អ៊ីចឹងបានចំណាត់ការលើវាយឺតម៉េស»។
គួររំឭកផងដែរថា តាមសម្ដីលោក ពែក មី បានរៀបរាប់នៅលើហ្វេសប៊ុកថា «នៅយប់ថ្ងៃទី10 ខែឧសភា ឆ្នាំ2018នេះ ឃាតករជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះឱ្យឃាតករបានឃើញផង យើងខ្ញុំបានដាក់ពាក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្ថកិច្ចខណ្ឌឫស្សីកែវ មិនទាន់ហៅឃាតករមកដោះស្រាយបានទេ»។ សូមបញ្ជាក់បន្ថែមថា ខណៈនេះប្អូនប្រុសនាយ ពែក មី កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេស វៀតណាម ៕