នេះជាជំនួបប្រកួតលើកដំបូងរបស់អ្នកប្រដាល់ជើងចាស់ សរ រាជសីហ៍ហើយដែលប៉ះនឹងជើងខ្លាំងជាជើងឯក ប្រចាំប្រទេសអ៊ូបេគីស្ថាន Mansurjon ដែលធ្លាប់គ្រងតំណែងជើងឯកពិភពលោកនៅឆ្នាំ២០១០ក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម ការជួបគ្នានេះនឹងធ្វើឡើងនៅសង្វៀនប្រដាល់ CNC នាថ្ងៃទី ២០ ខែឧសភា ខាងមុខនេះ។
Mansurjon ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយ គេមានប្រវត្តិប្រកួតចំនួន២៩ដង ឈ្នះ២៤ដង ចាញ់៤ដង និងស្មើពិន្ទុ១ ដង។ មិនមានអ្នកណាដឹងថា អ្នកប្រដាល់រូបនេះមានរបៀបវ៉ៃយ៉ាងណានោះទេ តែសម្រាប់អ្នកប្រដាល់កម្ពុជាសរ រាជសីហ៍វិញមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥០ដង ចាញ់១៥ដង ស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់១០ដង ។ រាជសីហ៍ មិនសូវជាមានឈ្មោះបោះសំឡេងខ្លាំងនោះទេ តែគេវ៉ៃល្អ និងមាន ភាពអំណត់ខ្លាំង ដូច្នេះយើងចាំមើលថា តើជើងខ្លាំងឆ្លងដែនមកពីអ៊ូបេគីស្ថានអាចឈ្នះជើងខ្លាំងខ្មែរឬទេ ?។
ការប្រកួតដ៍អស្ចារ្យនេះនឹងប្រព្រឹត្តឡើងនៅក្នុងការប្រកួតព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ដែលមានកីឡាករឌុម កែវដាមកពីក្លិបមកុដរាជសីហ៍ដែលមានប្រវត្តិប្រកួតចំនួន៣២ដង ឈ្នះ២៦ដង ចាញ់៦ដងនោះនឹងប្រកួតជាមួយអ្នកប្រដាល់ថៃPhikun NgeurnSor Phanisa ដែលមានប្រវត្តិប្រកួត ចំនួន៧០ដង ឈ្នះ៥០ដង ចាញ់១៥ដង ស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បាន៥ដង។
សម្រាប់កែវដា ២ប្រកួតរបស់គេកន្លងមកក្នុងព្រឹត្តិការណ៍នេះឈ្នះ១ប្រកួត ចាញ់១ប្រកួត ចំពោះអ្នកប្រដាល់ថៃវិញនោះ ២ប្រកួតចុងក្រោយរបស់គេ គឺចាញ់ទាំង២លើក។ សម្រាប់ការប្រកួតនេះ កែវដាទំនង មានឱកាសឈ្នះច្រើនជាង ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ឃីម ឌីម៉ាក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យនឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃTamruotlek Tydet Lo-Ngeun។ ឌីម៉ាដែលមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៨ដង ចាញ់៦ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់២០ ដងនោះ ក្នុងព្រឹត្តិការណ៍នេះ២ប្រកួតកន្លងមកគេឈ្នះទាំង២ប្រកួត។ ចំពោះTamruotlek TydetLoNgeunវិញគេមានប្រវត្តិប្រកួតចំនួន ៨១ដង ឈ្នះ៦៧ដង ចាញ់១១ដងស្មើពិន្ទុ ៣ដងនោះ២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះចាញ់ទាំង២ប្រកួត។ គេ ជឿថា ការប្រកួតមួយនេះឌីម៉ានឹងឈ្នះ៕