មុខម្ហូប Grilled Marinated Fresh Tuna Steak ជាមុខម្ហូបបែបបារាំងមួយមុខទៀតរបស់ភោជនីយដ្ឋាន Amigo ដែលស្ថិតនៅក្នុងសណ្ឋាគារ Feliz ដែលជាមុខម្ហូបទទួលបាននូវការពេញនិយម និងគាំទ្រជាខ្លាំងពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ។ ដូច្នេះ សូមក្រឡេកមកពិនិត្យមើលពីរបៀបធ្វើ និងគ្រឿងផ្សំ ដែលណែនាំដោយមេចុងភៅធំ លោក ធី វណ្ណថន ដូចតទៅ។
គ្រឿងផ្សំ
• ត្រីធូណា (កង់កណ្តាល) 200ក្រោម
• ជីវ៉ាន់ស៊ុយ
• គ្រាប់ជីវ៉ាន់ស៊ុយ
• ខ្ទឹមបារាំង
• ខ្ទឹមស
• ខ្ទឹមក្រហម
• ការ៉ុត
• ត្រពាំងបារាំង
• ត្រប់វែង
• សណ្តែកបៃតង
• ដំឡូងបារាំង
• គ្រឿងផ្សំរសជាតិ ៈ អំបិល ស្ករ ម្រេច
• ប៊័រ
• ស្រាស
• ទឹកដោះគោស្រស់
• Cream
• ទឹក Cream Sauce
របៀបធ្វើទឹក Cream Sauce
យកខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំងមកចិញ្ច្រាំឱ្យម៉ដ្ឋ រួចយកទៅឆាជាមួយប៊័រ និងបន្ថែមដោយស្រាសបន្តិច ទឹកដោះគោស្រស់ និង Cream មួយសន្ទុះជាការស្រេច។
របៀបធ្វើ ស្តេកត្រីធូណា
ដំបូងត្រូវយកត្រីធូណាមកលាងសម្អាតឱ្យស្អាតរួចទុកឱ្យស្រស់ទឹក។ យកជីវ៉ាន់ស៊ុយ គ្រាប់ជីវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំងមកចិញ្ច្រាំឱ្យម៉ដ្ឋ រួចយកទៅប្រឡាក់ជាមួយនឹងត្រីធូណា ហើយផ្អាប់ទុករយៈពេល5នាទី ទើបយកត្រីធូណាទៅអាំងនៅលើបន្ទះអាំងសាច់ រយៈពេល10-15នាទីតាមចំណូលចិត្ត។ ចំណែកបន្លែសម្រាប់ទទួលទានជាមួយត្រីធូណាអាំងមានដូចជា ការ៉ុត ត្រពាំងបារាំង ត្រប់វែង សណ្តែកបៃតង និងដំឡូងបារាំងត្រូវយកទៅឆាជាមួយនឹងប៊័រ ដោយបើកភ្លើងតិចល្មម រួចបន្ថែមគ្រឿងផ្សំរសជាតិដូចជា អំបិល ស្ករ និងម្រេច កូរចូលគ្នាឱ្យសព្វល្អ ហើយដួសដាក់ក្នុងចានឱ្យមានរបៀប។ បន្ទាប់មកទើបដាក់ដុំត្រីធូណាអាំងពីលើ និងស្រោចដោយទឹក Cream Sauce ពីលើជាការស្រេច។ មុខម្ហូបនេះស័ក្តិសមទទួលទានជាមួយនឹងស្រាក្រហមគឺកាន់តែមានរសជាតិឆ្ងាញ់ពិសាឡើងថែមទៀត៕