Skip to content

ម៉េង កែវពេជ្ជតា ផ្សង​ជួប​ស្នេហ៍​ថ្មី​លើ​ទឹកដី​ប្រទេស​បារាំង

កំពូល​តារាចម្រៀង​ចាស់វស្សា​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ចាក​ចេញទៅ​ច្រៀង និង​សម្តែង​នៅ​ប្រទេស​បារាំង​រយៈពេល​ដល់​ទៅ3ខែ តប​តាម​ការអញ្ជើញ​របស់​ស​មា​គម​តារា​ខ្មែរ​ប្រចាំ​នៅ​ទីនោះ។ ការចេញ​ទៅរក​ប្រាក់ចំណូល​នៅក្រៅ​ប្រទេស​របស់​អ្នកនាង ម៉េង កែវពេជ្ជតា នៅពេលនេះ គឺមាន​ការរួម​ដំណើរ​ពី​សំណាក់​តារាចម្រៀង​ប្រុស​ម្នាក់ទៀត​ផងដែរ ប៉ុន្តែ​អ្នកនាង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ជា​សិទ្ធិ​របស់​បុគ្គល។ ជាមួយនឹង​ការចេញ​ទៅ​បង្ហាញមុខ​នៅលើ​ទឹកដី​ត្រជាក់​ធ្លាក់​ទឹកកក​ខាងលើនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​បង្ហើប​ផងដែរ​ថា បើ​មានសំណាង​ពិតមែន ទំនង​អាច​ជួប​ស្នេហ៍​ថ្មី​នៅលើ​ទឹកដី​ប្រទេស​បារាំង​ក៏​មិនដឹង។

មុនពេល​បោះជំហាន​ឈាន​ជើង​ចូលក្នុង​ស្ថានីយ​ចេញដំណើរហោះ​ឆ្ពោះទៅកាន់​ប្រទេស​បារាំង​កាលពីពេល​កន្លងទៅ​ អ្នកនាង ម៉េង កែវពេជ្ជតា ដែល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ជាង20ឆ្នាំ​រូបនេះ បានឱ្យដឹងថា អ្នកនាង​បាន​ចោល​កម្មវិធី​មួយចំនួន​នៅក្នុង​ស្រុក​ខ្មែរ ដើម្បី​ចេញទៅ​សម្តែង​ច្រៀង​នៅ​ប្រទេស​បារាំង ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​នោះទេ ព្រោះអ្វីៗបានរៀបចំ​អស់​ទៅហើយ។ ម៉េង កែវពេជ្ជតា បញ្ជាក់ថា “ខ្ញុំ​ទៅ​ច្រៀង​នៅ​បារាំង3ខែ​ចប់ នឹង​បន្តដំណើរ​ទៅ​ច្រៀង​ដល់​ប្រទេស​ស្វី​ស​ផងដែរ ជាមួយ​តារាចម្រៀង​ប្រុសម្នាក់ទៀត។ ការ​ចេញទៅ​ច្រៀង​នៅក្រៅ​ប្រទេស​នេះ ធ្វើឱ្យ​ខ្ញុំ​ចោល​កម្មវិធី​មួយចំនួន​នៅក្នុង​ស្រុក​ដែរ តែ​មិន​អី​ទេ ខ្ញុំ​បាន​ដោះស្រាយ​អស់ហើយអ៊ី​ចឹ​ង​ខ្ញុំ​ត្រូវតែ​ចេញ​ទៅតាម​ការកំណត់”។

យ៉ាងណាក៏ដោយ​ចំពោះ​ព្រឹត្តិការណ៍​នៃ​ចាក​ចេញទៅ​ក្រៅប្រទេស​របស់ ម៉េង កែវពេជ្ជតា នាពេលនេះ វា​មិនមែនជា​រឿង​ថ្មី និង​ចម្លែក​នោះទេ ប៉ុន្តែ​អ្វី​ដែលជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា ស្រប​ពេលដែល​អ្នកនាង​ចាក​ចេញទៅ ក៏​ធ្លាយ​ព័ត៌មាន​មក​ថា ពេលនេះ​នាង​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​អាណិកជន​ខ្មែរ វ័យ​ចំណាស់​ម្នាក់នៅ​ប្រទេស​បារាំង។ ដូចនេះ ការ​ចេញទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​សាជាថ្មី​របស់​កំពូល​តារា​ចម្រៀង​រូបនេះ អាចជា​រឿង​ល្អដែល​នឹង​ឈានទៅ​បញ្ចប់​ឈ្មោះថា​ជា​អ្នក​មេម៉ាយ​នោះ​ទៀតហើយ។ ម្យ៉ាងវិញទៀត កាលពីពេល​កន្លងទៅថ្មីៗនេះ គេ​ក៏​ធ្លាប់​បានឃើញ​កំពូល​តារាចម្រៀង​រូប​នេះបង្ហោះ​សារ​នៅលើ​គណនីផ្ទាល់ខ្លួន​ផងដែរ ដោយ​បង្ហាញ​ពី​ក្ដី​ស្រមៃ និង​រំពឹង​ចង់គ្រង​ឈុត​សម្លៀកបំពាក់​ជា​កូនក្រមុំ​សាជាថ្មី​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *