Skip to content

ម៉ាក សែនសូនីតា ឆ្នាំថ្មីរួចសម្រុកសម្រេចបំណង ពង្រីកសាខាផែសមុទ្រឱ្យបាន12ខណ្ឌ

ពិតជាមិនធម្មតានោះឡើយសម្រាប់កំពូលតារាសម្ដែងស្រីរូបស្រស់ កញ្ញា ម៉ាក់ សែនសូនីតា ដែលមួយរយៈចុងក្រោយនេះ គឺមានភាពកាក់កប​ជា​ខ្លាំង មិនថាចំពោះតែការងារសិល្បៈ ដែលអាចរកបានចំណូលរាប់ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែនោះទេ សូម្បីតែមុខជំនួញដោយ​ការបើក​ភោជនីយដ្ឋានបែប​អាហារ​សមុទ្ររបស់នាងក៏ទទួលបាននូវភាពជោគជ័យ និងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ ខណៈដែលមុខជំនួញ​ទទួល​បានភាព​វិជ្ជមានទាំង3សាខា ម៉ាក់​ សែនសូនីតា បានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំថ្មីនេះ បើសិនជាអាច នាងនឹងបន្តពង្រីកសាខាហាងអាហារ “ផែសមុទ្រ” របស់នាងឱ្យបានចំនួន12ខណ្ឌ នៅទូទាំងរាជធានីភ្នំពេញតែម្ដង។

កាលពីដើមឡើយ ចំពោះមុខជំនួញក្រៅអាជីពរបស់កញ្ញា ម៉ាក់ សែនសូនីតា ត្រូវបានគេដឹងថា នាងបានព្យាយាមស្វែងរក​ចំណូលបន្ថែម​តាម​រយៈ​ការ​លក់ផលិតផលថែរក្សាស្បែក ឬធ្វើឱ្យស្បែកស ដោយការលក់បន្តយកចំណេញតិចតួចទៅឱ្យអ្នកសិល្បៈដូចគ្នាតែប៉ុណ្ណោះ។​​ ប៉ុន្តែស្រាប់តែនៅ​ដើម​ឆ្នាំ​2017 ម៉ាក់ សែនសូនីតាបានបង្កើតមុខជំនួញថ្មីមួយទៀតដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់ នោះគឺការបើកអាហារដ្ឋានលក់គ្រឿងសមុទ្រ ដោយ​ដាក់​ឈ្មោះថា “ផែសមុទ្រ” ដែលមានទីតាំងដំបូងនៅម្ដុំសន្ធរម៉ុក។មិនយូរប៉ុន្មានបន្ទាប់ពីបានកត់សម្គាល់ឃើញថា មុខជំនួញទទួលបានផ្លែផ្កា ម៉ាក់ សែនសូនីតាមិនបានបង្អង់នោះឡើយ ដោយនាងបានសម្រេចចិត្តបោះទុនបន្ថែមជួលទីតាំងថ្មីមួយកន្លែងទៀតនៅក្រុងតាខ្មៅ ដើម្បីបើកសាខាទី2 ហើយ​បន្ត​ពង្រីកសាខាទី3 មួយកន្លែងទៀតកាលពីមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះដោយជ្រើសយកទីតាំងកណ្តាលរាជធានីភ្នំពេញស្ថិតនៅ​តាម​បណ្តោយ​ផ្លូវព្រះមុនីវង្ស ជិតស្តុបផ្សារអូរឫស្សី ជាមួយនឹងការចំណាយដើមទុនមិនក្រោយ20ម៉ឺនដុល្លារនោះឡើយ។

ពាក់ព័ន្ធទៅនឹងការធ្វើមុខជំនួញផ្នែកអាហារក្រៅពេលនេះ ខណៈដែលបានជួបជាមួយអ្នកយកព័ត៌មានដោយចៃដន្យនៅនឹងហាង​សាខាទី3​ផ្ទាល់​តែ​ម្ដង កំពូលតារាសម្ដែងដែលធ្លាប់រងពាក្យចចាមអារ៉ាមមានចំណងស្នេហ៍ជាមួយតារាដៃគូសម្ដែងលោក រតនៈ ពិសិដ្ឋ រូបនេះបានបង្ហើបឱ្យដឹងថា នាងពិត​ជា​រីករាយជាមួយការធ្វើជំនួញបែបនេះណាស់ ព្រោះត្រឹមរយៈពេលខ្លីសោះ អាចពង្រីកវិសាលភាពបានបែបនេះទៅហើយ ដូច្នេះសម្រាប់ការសម្រេចក្ដី​ស្រមៃ​ដែលចង់ពង្រីកសាខាឱ្យបានទាំង12ខណ្ឌ ហាក់មិនពិបាកនោះទេ ប៉ុន្តែអ្វីដែលនាងបារម្ភគឺលើបញ្ហាធនធានមនុស្ស ដែលជាសេវាសំខាន់ និងជា​សរសៃ​ឈាម​របស់ហាងតែម្ដង ខណៈដែលពេលនេះអ្នកគ្រប់គ្រងហាងរបស់នាងក៏កំពុងប្រកាសស្វែងរកកម្លាំងបន្ថែមផងដែរ។

សូមបញ្ជាក់ផងដែរ កញ្ញា ម៉ាក់ សែនសូនីតា ត្រូវបានមហាជនទទួលស្គាល់ថា ជាកំពូលតារាសម្ដែងស្រីវ័យក្មេងមួយរូប ដែលមានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង និងកម្រកើតមានព័ត៌មានអាស្រូវក្រៅតែពីរឿងពាក់ព័ន្ធនឹងការលួចបង្កើតទំនាក់ទំនងស្នេហាក្រៅឆាកជាមួយតារាសម្ដែងប្រុសរួមអាជីពជាមួយគ្នា គឺ​លោក រតនៈ ពិសិដ្ឋ ខណៈដែលជារឿយៗគេតែងឃើញអ្នកទាំងពីរឧស្សាហ៍នៅគៀកប្រគិតជាមួយគ្នាជាញឹកញាប់៕

Leave a Reply

Your email address will not be published. Required fields are marked *