សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី សម្រាប់ដឹកនាំសហព័ន្ធសម្រាប់រយៈពេលពីរឆ្នាំខាងមុខនេះ។ ថ្នាក់ដឹកនាំបានបង្ហាញពីវិធីសាស្រ្ដមួយចំនួនដើម្បីទប់ស្កាត់ការហូរចូលនៃរថយន្ដជជុះ ជាគោលដៅចម្បងដែលត្រូវអនុវត្ដមុនគេ។
លោក ងន សំាង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា
លោក ងន សំាង ជាអនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក្នុងអាណតិ្ដថ្មី បានលើកឡើងថា នៅក្នុងអាណត្ដិថ្មីនេះសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា មានគោលបំណងរៀបចំយុទ្ធសាស្រ្ដធ្វើយ៉ាងណាដើម្បីឱ្យមានការកាត់បន្ថយការនាំចូលរថយន្ដជជុះ (Gray Market)។
នាយកប្រតិ្តបត្តិនៃក្រុមហ៊ុន RMA Cambodia Co., Ltd រូបនេះ បានបញ្ជាក់ទៀតថា ៖ «បច្ចុប្បន្នរថយន្ដថ្មីនាំចូលក្នុងរង្វង់ជាង 10%ប៉ុណ្ណោះ រីឯរថយន្ដជជុះនាំចូលក្នុងរង្វង់ជិត 90%។ បើធ្វើការប្រៀបធៀបប្រាក់បង់ពន្ធវិញនោះគឺ លុយពន្ធរថយន្ដថ្មី 10% មានចំនួនស្មើនឹង 40%នៃពន្ធរថយន្ដជជុះ 90%ដែលបានបង់។ ជាមធ្យមពន្ធរថយន្ដថ្មីមួយគ្រឿងយើងត្រូវបង់ជាមធ្យមគឺក្នុងរង្វង់ 21000ដុល្លារអាមេរិក រីឯរថយន្ដជជុះទាំងតម្លៃថោក និងថ្លៃត្រូវបង់រង្វង់ 6500ដុល្លារ»។
ប្រសិនបើរាជរដ្ឋាភិបាលជួយសម្រាលបន្ទុកដោយទម្លាក់តម្លៃពន្ធនៃការនាំចូលរថយន្ដថ្មីឱ្យធ្លាក់ចុះបន្ដិច វាអាចនៅសល់ក្នុងរង្វង់ 1100ដុល្លារ អត្ថប្រយោជន៍ត្រូវបានហុចទៅឱ្យអ្នកប្រើប្រាស់ ព្រោះប្រទេសកម្ពុជាអាចមានរថយន្ដថ្មីលក់ក្នុងតម្លៃទាបសម្រាប់ការប្រើប្រាស់ ដែលជំរុញឱ្យមានការនាំចូលរថយន្ដថ្មីកាន់តែច្រើនជាងមុន និងធ្វើឱ្យរដ្ឋាភិបាលកាន់តែប្រមូលពន្ធបានច្រើន។ ឧទាហរណ៍ថា៖ «ប្រសិនបើមានករណីបែបនេះមែនរថយន្ដថ្មីដែលយើងធ្លាប់លក់3ម៉ឺនដុល្លារវានឹងនៅសល់តម្លៃប្រហែលតែជាងមួយម៉ឺនប៉ុណ្ណោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ងន សំាង។
លោក ងន សំាង ក៏បានបញ្ជាក់ផងដែរថា ការអនុវត្ដបែបនេះវាបង្កឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់រថយន្ដជជុះ ព្រោះនៅពេលរថយន្ដថ្មីមានតម្លៃទាប អ្នកប្រើប្រាស់នឹងងាយស្រួលក្នុងការផ្លាស់ប្ដូរថយន្ដពីជជុះមកថ្មី ឬប្ដូរម៉ូដថ្មីហើយរថយន្ដថ្មីដែលគាត់បានប្រើប្រាស់រួចហើយនោះនឹងក្លាយជារថយន្ដជជុះសម្រាប់ប្រើប្រាស់ក្នុងស្រុកដែលមានគុណភាព និង ប្រកបដោយសុវត្ថិភាព ព្រោះរាល់ព័ត៌មានពីរថយន្ដទាំងនោះយើងអាចដឹងបានយ៉ាងច្បាស់។
គួរបញ្ជាក់ផងដែរថា បេក្ខភាពដែលជ្រើសតាំងជាក្រុមប្រឹក្សាភិបាលថ្មីរួមមានលោក PETER BRONGERS ជាប្រធាន និងជានាយកប្រតិ្តបត្តិនៃក្រុមហ៊ុន Premium Auto Imports Co., Ltd ដែលជាក្រុមហ៊ុនចែកចាយស្របច្បាប់នូវរថយន្តម៉ាក BMW និង MINI៕