ម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសដាក់ចេញនូវប្រព័ន្ធប្រតិបត្តិការ iOS កំណែទម្រង់ថ្មី 10.3.2 មួយទៀត សម្រាប់ដាក់ឱ្យអ្នកប្រើប្រាស់ iPhone, iPad និង iPod Touch ធ្វើការ Update មុនក្រោយគ្នាតែមួយខែប៉ុណ្ណោះពីកំណែទម្រង់ iOS 10.3.1។
កំណែទម្រង់ថ្មីនេះ ហាក់មិនមានអ្វីប្លែកថ្មីគួរឱ្យកត់សម្គាល់ខុសពីកំណែទម្រង់មុនប៉ុន្មានទេ ដូច្នេះតើអ្វីទៅជាគោលគំនិតចម្បងនៃការដាក់ឱ្យ Update នេះ? ជាក់ស្តែង Apple ពិតជាមិនបានបង្ហាញភាពប្លែកគ្នារវាងកំណែទម្រង់ថ្មីនេះមែន ប៉ុន្តែការដាក់ចេញនេះ គឺក្រុមហ៊ុនចង់ពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធដំណើរការ iOS ខណៈ iOS 10.3.1 នៅមានចន្លោះប្រហោងដែលនាំឱ្យមានការជ្រៀតចូល និងវាយលុកពីក្រុមបង្កើតកម្មវិធី Jailbreak ហើយបិទនូវចន្លោះប្រហោងក្នុងប្រព័ន្ធសុវត្ថិភាពមួយចំនួន ចៀសវាងមានការជ្រៀតចូលដល់ទិន្នន័យសំខាន់ៗ និងព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់។
កំណែទម្រង់ថ្មីនេះ ក៏នឹងដោះស្រាយបញ្ហាដែលកម្មវិធី VPN មួយចំនួនមិនដំណើរការ និងដោះស្រាយពាក្យបញ្ជានៅក្នុង SiriKit សម្រាប់ប្រើប្រាស់នៅក្នុងរថយន្តផងដែរ។ និយាយជារួមទៅ iOS 10.3.2 គ្មានមុខងារអ្វីប្លែកថ្មីទេ ដោយវាគ្រាន់តែជាការ Update ដ៏តូចមួយប៉ុណ្ណោះ ព្រោះថា iOS ជំនាន់ទី 11 ក៏ត្រៀមនឹងចេញនាពេលខាងមុខដែរ ក្នុងព្រឹត្តិការណ៍ Apple WWDC ប៉ុន្តែវាអាចចាំបាច់ប្រសិនបើលោកអ្នករកឃើញថាទូរស័ព្ទ iPhone ឬ iPad របស់លោកអ្នកមានបញ្ហាណាមួយពេលប្រើប្រាស់ (Bug )។
យ៉ាងណាមិញ សម្រាប់លោកអ្នកដែលចង់ Update អាចចូលទៅ Update តាមរយៈ Settings-> General -> Software Update-> Download and Install បាន៕