បន្ទាប់ពីចេញមុខបកស្រាយនៅលើគណនីហ្វេសប៊ុកពាក់ព័ន្ធជាមួយរឿង លោក ឃុន ដេវីត បានបោកប្រាស់តារាចម្រៀងស្រី ម៉ុក អានីត ឱ្យទៅច្រៀងនៅប្រទេស កាណាដា និងបានកេងប្រវ័ញ្ញកម្លាំងពលកម្មរបស់នាង និងមិត្តភក្ដ មិនត្រឹមតែប៉ុណ្ណោះទេ ក៏បានបង្ខាំងកញ្ញា ម៉ុក អានីត ទុករួមភេទ រហូតធ្វើឲ្យនាងមានផ្ទៃពោះ 5 ខែទៀតផងនោះ អតីតតារាចម្រៀងស្រីនៅផលិតកម្ម រ៉ុក រូបនេះនៅតែមិនទាន់អស់ចិត្តជាមួយនឹងបណ្ដាអ្នកសារព័ត៌មានមួយថែមទៀត ដែលបានចេញផ្សាយពីរូបនាង និងមានការសុំបញ្ជាក់ពី រង្វង់ក្រហមដែលបានគូរលើរូបនាង តើជាសញ្ញាអ្វី ? មានសេចក្ដីដូចម្ដេច ?
តារាស្រីរូបនេះ បានសរសេរសារនៅលើហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំនឹងសុំឱ្យនាយកនិពន្ធPage dailyreport.media បំភ្លឺរឿងករៈណីបន្ថែមមួយទៀត ហេតុអីយករូបនាងខ្ញុំទៅគូរសញ្ញាក្រហមដើម្បីបញ្ចាក់ពីអ្វី??? នាងខ្ញុំជាជនល្មើស ជាឧក្រិតជន ជនសង្ស័យ ឬរូបនឹងបានស្លាប់បាត់បង់ជីវិតហើយ នេះជាការប្រមាថថ្មីមួយទៀត មកលើរូបនាងខ្ញុំ។ ឋិតក្នុងពេលប៉ូលិសកំពុងសួរចម្លើយជនល្មើស តាមការណែនាំរបស់សម្ថតកិច្ច លោកឱ្យនាងខ្ញុំដាក់ពាក្យប្ដឹងមួយទៀត ដើម្បីមានការស៊ើបអង្កេតទៅ Page dailyreport media ថាតើនរណាជាអ្នកផ្ដល់ពត៏មាននឹងរូបថតគូសសញ្ញាក្រហមបន្ថែមលើរូបនាងខ្ញុំ សូមបងប្អូនជួយShares ដើម្បីអោយម្ចាស់Page បកស្រាយបំភ្លឺ ។ ចង់ប្រាប់ថាកុំកេញចំណេញប្រយោជន៏នៅពេលដែលនាងខ្ញុំកំពុងមានបញ្ហា។ មួយនៅក្នុងទ្រុងហើយតើមានប៉ុន្មានអ្នកទៀតនៅពីក្រោយករៈណីនេះ »។
ម្យ៉ាងវិញទៀត លោក ខេវិន រ៉ុក ដែលត្រូវជាអតីតមិត្តរួមទ្រនំ និងគេបានដឹងថាជាប់ពាក់ព័ន្ធករណីទៅច្រៀងនៅកាណាដាជាមួយបញ្ហាតារាស្រីខាងលើនេះ ក៏បានរៀបរាប់សុំការបញ្ជាក់ផងដែរថា « គូររង្វង់ក្រហមនឹងមានន័យយ៉ាងមិចអស់លោក??? គាត់ឆបោកគេឬ ជនសង្ស័យ??? បើមិនជួយចូកចែកុំបន្ថែមព្រោះតែមហិឆ្ឆិតាខ្លួនឯង រៀនប្រើខួរខ្លះទៅ គេគ្មានកិត្តិយស ឬមិនស្មើយើង ប្រហែល ម៉ុក អានីត គេមិនសូវស្គាល់ហើយ » ។
យ៉ាងណាមិញ ខាងស្ថាប័នសារព័ត៌មានខាងលើនេះបានអះអាងដូច្នេះថា « ផ្អែកលើការបកស្រាយពី រស់ ម៉ូនីកា ក្រោយប្រតិកម្មព័ត៌មានមួយ ដោយបានផ្ញើរូបមកកាន់ Dailyreport កាលពីយប់ថ្ងៃទី28 ខែមីនា ចង់ជម្រះមន្ទីលសង្ស័យ ប៉ុន្តែអ្នកនាង រស់ ម៉ូនីកា បានគូសរង្វង់ក្រហមដើម្បីបញ្ជាក់ថា មួយណា ម៉ុក អានីត និងមួយណា រស់ ម៉ូនីកា តែប៉ុណ្ណោះ រួចក៏បានផ្ញើមកកាន់ស្ថាប័នយើងខ្ញុំ។ ការគូសរង្វង់ក្រហមពីម្ចាស់ដើម រស់ ម៉ូនីកា នេះ មិនមែនសំដៅទៅលើថា កញ្ញាជាជនសង្ស័យ ឬឧក្រិដជន ឬប្រមាថជីវិត ដូចការលើកឡើងនោះទេ ។ សុំកញ្ញា ម៉ុក អានីត ទទួល នូវការស្រាយបញ្ជាក់ពីស្ថាប័នយើងខ្ញុំ »៕