បើតាមតម្រាខ្មែរពីបុរាណបានឱ្យដឹងថា ជនជាតិខ្មែរមាន ពូជពង្ស ទំនៀមទំលាប់ ប្រពៃណី វប្បម៌ អរិយធម៌ ល្អល្អះ ដែលគួរឱ្យបរទេសកោតស្ញប់ស្ញែងពីភាពអស្ចារ្យដែលខ្មែរយើងមាន។ ក្នុងនោះ របាំបុរាណខ្មែរ ក៏ជាដួងព្រលឹងរបស់ដូនតាខ្មែរ បានបង្កើត និងថែរក្សាតាំងដើមរៀងមក ដោយសារតែភាពទំនើបនិយម និងមានការហូរចូលពីវប្បធម៌បរទេស ទើបបណ្ដាលឱ្យកូនខ្មែរមួយចំនួនមិនសូវនិយមទស្សនារបាំបុរាណខ្មែរឡើយ។ ការសម្ដែងទៀតសោត ក៏មិនសូវទទួលបានកំរៃ និងមានទីផ្សារសិល្បៈធំ ដូចសិល្បៈសម័យនោះឡើយ។
ការព្រងើយកណ្តើយនឹងអ្វីដែលខ្លួនមានបែបនេះហើយ ទើបបានជាពេលថ្មីៗនេះ អ្នករបាំបុរាណម្នាក់ ដែលបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក « របាំខ្មែរ » បង្ហាញពីទុក្ខលំបាក ក្ដីបារម្ភ និងសេចក្ដីអំពាវនាវពីមហាជនឱ្យបានយល់ ក៏ដូចជាជ្រាបដឹងពីសភាពសព្វថ្ងៃនៃអ្នករបាំបុរាណ ។ សារដ៏មានអត្ថន័យនោះ បានលើកឡើងថា «គ្មានសិល្បករប្រទេសណា កំសត់ជាងសិល្បករ របាំបុរាណខ្មែរទេ មិនត្រឹមតែឱ្យតំលៃថោកទេ ហើយថែមទាំងគ្មានកិត្តិយសទៀត ។ ម្នាក់ៗផុសពេញហ្វេសបុកព្រោងព្រាត ថាខ្លួនស្រលាញ់សិល្បៈបុរាណខ្មែរណាស់ ចង់ថែរក្សា ចង់អភិរក្ស ចង់ផ្សព្វផ្សាយអោយគេស្គាល់ តែនៅពេលដែលមានកម្មវិធីម្តងៗជួលរបាំរកតែតំលៃថោក ហើយតថ្លៃដូចផ្សារត្រី។
បន្ទប់ផ្លាស់សំលៀកបំពាក់សំរាប់អ្នករបាំមិនសំខាន់ទេ ផ្លាស់កន្លែងណាក៏បានដែរឱ្យតែតែងខ្លួនបាន មិនថាឡើយបន្ទប់ទឹក ពីព្រោះបន្ទប់ម៉ាស៊ីនត្រជាក់ទុកអោយតារាចំរៀងសម័យតែងខ្លួនអស់ហើយ ។ ម្ហូបអាហារម្ចាស់កម្មវិធីមិនអោយហូបទេ ពីព្រោះថាវាថ្លៃ អ្នកសិល្បៈបុរាណដូចពួកយើងមិនសមនឹងហូបវាទេ រាំចប់ហូបបាយផ្ទះរៀងៗខ្លួនទៅ ។ អនិច្ចាណាស់អ្នកសិល្បៈរបាំបុរាណខ្មែរ បន្តិចទៀតលែងមានអ្នកស្នងទើបដឹងថាបាត់បង់ ហើយសូមឈប់ពោលពាក្យថា គេជាចោរលួចទៀតទៅ យើងខ្លួនឯងទេ ដែលគ្មានសមត្ថភាពថែរក្សាអរិយធម៌មរតកវប្បធម៌ដ៏ផូរផង់នេះអោយនៅរស់រានបាននោះ»៕