តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស ខាងផ្នែកចម្រៀងបុរាណប្រពៃណី និងមនោសញ្ចេតនាស្រុកស្រែ គឺលោក យក់ ដួងតារា នៅពេលថ្មីៗនេះ បានបង្ហើបប្រាប់ពីដំណឹងដ៏គួរឱ្យរំភើបមួយពោល លោកទទួលបានឱកាសទៅសម្ដែងនៅឯបទេស និងបានពាំនាំយកការសម្ដែងចាប៉ីដងវែង ដែលជាទេពកោសល្យពីធម្មជាតិរបស់លោក ទៅបង្ហាញឱ្យមហាជននៅសាកលលោកបានទស្សនា និងយល់ដឹងពីសិល្បៈបុរាណខ្មែរដែលមានអាយុកាលយូរលង់ណាស់មកហើ់យ។
លោក តារា បានបញ្ជាក់សារនៅលើហ្វេសប៊ុករបស់ខ្លួនថា « ចាបីុដងវែងជាទ្រព្យសម្បត្តិដ៏មហាសាលរបស់ដូនតាខ្ញុំ ថ្ងៃណាមួយ ខ្ញុំមានឱកាស ខ្ញុំនឹងយកទៅសម្តែងនៅលើឆាកអន្តរជាតិ ឱ្យពិភពលោកបានស្គាល់បន្ថែមទៀត ថាវាជារបស់ដូនតាខ្មែរ ។ (សុំជាកំលាំងចិត្តម្នាក់មួយមកបងប្អូន) 41 »។ តែយ៉ាងណាមិញ លោកពុំបានរៀបរាប់ពីបណ្ដាប្រទេសដែលលោកគ្រោងទៅសម្ដែងឡើយ។
គួររំឭកផងដែរថា មួយរយៈកន្លងទៅថ្មីនេះ អតីតបេក្ខប្រឡងកម្មវិធីកំពូលតារាចម្រៀងកម្ពុជា ឬ I am a singer Cambodia រូបនេះ ធ្លាប់បានត្អូញត្អែពីការគ្មានទីផ្សារចំពោះអ្នកសិល្បៈបុរាណដោយលើកឡើងថា « ជីវិតពិតជាប្រែប្រួលទៅតាមពេលវេលាមែន! ពេលនេះខ្ញុំធ្នាក់ខ្លួនដើរលេងល្ខោនមួយយប់ដប់ពីរម៉ឺនរៀល ព្រោះតែមិនសូវមានឱកាសដូចក្មេងៗដែលទើបនឹងឡើងមកក្រោយៗ ម្យា៉ងឯងចាស់ហើយ ក្មេងៗគេឡើងមកជាន់ឯងលិចបាត់ងើបលែងរួច ព្រោះក្មេងៗគេចេះច្រើនជំនាញ ដូចជាខាងយុវវ័យក៏គេចេះច្រៀង ខាងបុរាណក៏គេចេះច្រៀង ខាងកន្ទ្រឹមក៏គេចេះច្រៀង ដូច្នេះសេដ្ឋកិច្ចទីផ្សារផ្នែកវិស័យលើសិល្បះចំរៀងមួយនេះត្រូវបានក្មេងៗទាញស្រូបយកស្ទើរតែទាំងស្រុង »។
លោកបានបន្ដទាំងអារម្មណ៍ក្ដុកក្ដួលទៀតថា « រីឯអ្នកចំរៀងចាស់ៗវិញ ខ្លះនៅមានមុខ ខ្លះក៏បាត់មុខ ខ្លះក៏ទៅដាំជី ដាំស្លឹកគ្រៃ ចិញ្ចឹមមាន់ចិញ្ចឹមទា ព្រោះតែបាត់បង់ឱកាស ចំណេះដឹងនឹងទេពកោសល្យដែលមាន តិទៀតនឹងត្រូវស្លាប់ទៅតាមម្ចាស់ដែរហើយ ព្រោះតែមិនសូវមានអ្នកអើពើនិងផ្តល់តម្លៃអោយ។ (បើដើរទៅមុខ ក៏គួរតែងាកមើលក្រោយខ្លះផង) »៕