នៅក្នុងជីវិតការរស់នៅប្រចាំថ្ងៃ និងជីវិតការងារមនុស្សម្នាក់ៗ មិនមែនទទួលបានលទ្ធផលដូចៗគ្នានោះទេ បើទោះបីជាពួកគេស្ថិតនៅក្នុងគ្រួសារជាមួយគ្នា ឬក្នុងស្ថាប័នតែមួយក៏ដោយ ព្រោះមនុស្សខ្លះមានប្រសិទ្ធភាពការងារខ្ពស់ ខណៈមនុស្សផ្សេងទៀតមានប្រសិទ្ធភាពការងារធម្មតា។ ជាទូទៅ មនុស្សដែលមានប្រសិទ្ធភាពការងារខ្ពស់តែងតែជាអ្នកដែលមានភាពលេចធ្លោ និងជោគ-ជ័យខ្លាំងជាងអ្នកដែលបណ្តែតបណ្តោយឱ្យជីវិតការងារប្រែប្រួលទៅតាមស្ថានការណ៍ជាក់ស្តែង។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក Christopher Lee ស្ថាបនិកនៃអង្គការ HEDC អន្តរជាតិ និងជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍មនុស្ស បានលើកឡើងថាការជំរុញទឹកចិត្តគឺជារឿងសំខាន់មួយដែលធ្វើឱ្យពួកគេក្លាយជាអ្នកដែលមានប្រសិទ្ធភាពការងារខ្ពស់។ លោកបញ្ជាក់ថា រឿងល្អគ្រប់យ៉ាងកើតឡើងពីក្តីស្រឡាញ់ ហើយរឿងមិនល្អគ្រប់យ៉ាងគឺកើតចេញពីកង្វះក្តីស្រឡាញ់ ហេតុនេះការដែលមនុស្សណាម្នាក់មានក្តីស្រឡាញ់ចំពោះការងាររបស់ខ្លួន និងមានការជំរុញទឹកចិត្តបានត្រឹមត្រូវនោះរូបគេអាចនឹងក្លាយជាមនុស្សដែលមានប្រសិទ្ធភាពការងារខ្ពស់។
លោក Christopher Lee បានមានប្រសាសន៍ថា ៖ “មនុស្សដែលមានកត្តាជំរុញខ្លាំង គឺមនុស្សដែលមានគោលដៅច្បាស់លាស់ មានការតស៊ូព្យាយាម និងមានចំណង់ដ៏លើសលប់។
អ្នកជំនាញអភិវឌ្ឍន៍មនុស្សខាងលើបានលើកឡើងផងដែរថា មនុស្សដែលគ្មានគោលដៅគាត់អាចធ្វើការងាររាល់ថ្ងៃដើម្បីតែប្រាក់ខែរបស់គាត់នៅចុងខែ ឬព្រោះតែការងារនោះជាអ្វីដែលមេរបស់គាត់ដាក់ឱ្យតែប៉ុណ្ណោះ តែគាត់មិនបានដឹងពីគោលបំណងពិតប្រាកដ និងសារៈសំខាន់នៃការងាររបស់គាត់នោះទេ។
មនុស្សដែលមានគោលដៅច្បាស់លាស់ គាត់ដឹងយ៉ាងច្បាស់ពីកន្លែងដែលគាត់ត្រូវទៅ និងគុណតម្លៃនៃការងាររបស់គាត់ចំពោះសង្គមឬចំពោះមនុស្សជំនាន់ក្រោយ ដែលធ្វើឱ្យពួកគាត់បើកចិត្តបានទូលាយក្នុងការជំរុញខ្លួនឯងឱ្យធ្វើការងារជាច្រើនដោយតម្លៃខ្ពស់។ ក្រៅពីនេះ ការតស៊ូព្យាយាមក៏ជាចំណុចមិនអាចខ្វះបានផងដែរសម្រាប់មនុស្ស ព្រោះថាមនុស្សដែលមិនពូកែក៏ដោយ ឱ្យតែមានសេចក្តីតស៊ូព្យាយាមខ្ពស់ គាត់នឹងអាចទទួលបានជោគជ័យ ដូចគ្នា ឱ្យតែការតស៊ូនោះត្រូវបានធ្វើឡើងជាប់រហូតដោយមិនបោះបង់។
លោក Christopher Lee បានថ្លែងផងដែរថា សិស្សមួយចំនួនដែលពូកែមិនប្រាកដថាជោគជ័យនោះទេ វាអាស្រ័យលើការព្យាយាមខ្លាំងកម្រិតណាព្រោះថាមនុស្សដែលមានការតាំងចិត្ត និងតស៊ូព្យាយាមខ្ពស់ជាមនុស្សដែលមិនងាយបោះបង់នោះទេ ហើយជាទូទៅមនុស្សដែលមិនបោះបង់ និងមិនព្រមចុះចាញ់ការបរាជ័យ និងបន្តអភិវឌ្ឍជានិច្ចនោះ ភាគច្រើនជាមនុស្សដែលមានប្រសិទ្ធភាពការងារខ្ពស់។ គេនៅតែខំម្តងហើយម្តងទៀត និងអាចតស៊ូជាមួយស្ថានភាពលំបាកដែលអាចជំរុញឱ្យពួកគេរកឃើញនូវវិធីសាស្ត្រល្អបំផុតដើម្បីសម្រេចជោគជ័យលើការងាររបស់ពួកគេ។ ម្យ៉ាងវិញទៀត ការមានចំណង់ដ៏លើសលប់ក៏ជាមូលហេតុសំខាន់មួយផងដែរ ក្នុងការជំរុញមនុស្សឱ្យទទួលបានជោគជ័យក្នុងភារកិច្ចការងាររបស់ខ្លួន។
នៅពេលដែលមនុស្សណាម្នាក់បានដឹងច្បាស់ពីសារៈសំខាន់នៃការងាររបស់ខ្លួន ហើយមានបំណងច្បាស់លាស់ក្នុងការធ្វើការងារ គេបានស្រមៃយ៉ាងច្បាស់ពីភាពជោគជ័យដែលគេចង់ឃើញ ដែលរូបភាពទាំងអស់នេះនឹងរុញច្រានពួកគេឱ្យក្លាយជាមនុស្សដែលមានថាមពលខ្លាំងក្នុងការអនុវត្តការងារលំបាកៗបានយ៉ាងល្អ។
លោក គង់ វិចិត្រា ស្ថាបនិកស្ថាប័នបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ Asia Leading Academy បានលើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ បុគ្គលិកម្នាក់ៗត្រូវចេះគោរពអ្នកដទៃ ក្នុងការធ្វើការងារជាក្រុម ហើយព្យាយាមគ្រប់លទ្ធភាពដើម្បីទទួលយកគំនិតអ្នកដទៃឱ្យបានច្រើនប្រសិនបើគំនិតនោះនាំឆ្ពោះទៅរកភាពរីកចម្រើន។ ម្យ៉ាងវិញទៀត ការសម្របសម្រួលបានល្អក្នុងការធ្វើការងារជាក្រុមក៏ជាកត្តាជំរុញមួយដែលធ្វើឱ្យយើងធ្វើការងារបានល្អ និងមានប្រសិទ្ធភាពខ្ពស់ដែរ ព្រោះការធ្វើការងារជាក្រុមអាចធ្វើឱ្យយើងជម្នះឧបសគ្គបានល្អជាងការដែលយើងធ្វើការងារម្នាក់ឯង។
នៅពេលដែលអ្នកណាម្នាក់មានទំនាក់ទំនងល្អ និងមានចិត្តទូលាយក្នុងការជួយការងារជាក្រុមគាត់ក៏នឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់ផងដែរ នៅពេលដែលគាត់ជួបបញ្ហាប្រឈមដែលលំបាកដោះស្រាយ។
លោក គង់ វិចិត្រា បាននិយាយថា ៖ “រាល់ការធ្វើការងារអ្វីក៏ដោយ សូមគិតថា យើងធ្វើការងារដើម្បីខ្លួនឯង មិនមែនធ្វើឱ្យតែរួចពីដៃនោះទេ ហើយធ្វើឱ្យបានល្អឥតខ្ចោះដើម្បីឱ្យទទួលបានលទ្ធផលល្អបំផុត ព្រោះការងារល្អ និងមិនល្អ វាអាចជះឥទ្ធិពលមកលើស្ថាប័នរបស់យើង និងមកលើខ្លួនយើងផ្ទាល់ផងដែរ។
លោក គង់ វិចិត្រា បានលើកឡើងផងដែរថា បុគ្គលដែលមានគំនិតវែងឆ្ងាយ និងធ្វើការងារដើម្បីគោលដៅរួមដោយបើកចិត្តទូលាយ សម្រាប់ធ្វើការងារជាមួយមនុស្សគ្រប់គ្នា និងចេះសម្របខ្លួនជាមួយស្ថានភាពជាក់ស្តែងនៃស្ថាប័នគឺជាបុគ្គលម្នាក់ដែលតែងតែទទួលបានការចាប់អារម្មណ៍ និងការលើកទឹកចិត្ត។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យពួកគេមានទឹកចិត្តខ្លាំងក្នុងការជំរុញលើកទឹកចិត្តខ្លួនឯងឱ្យក្លាយជាមនុស្សដែលមានថាមពលខ្លាំងក្នុងការធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕