ខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Angel Di Maria បានស៊ុតបាល់បញ្ចូលទី 3គ្រាប់ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Paris Saint-Germain បានផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី2 Sochaux ក្នុងលទ្ធផល 4-1 កាលពីថ្ងៃអង្គារ ដើម្បីឈានទៅវគ្គ 8ក្រុមក្រោយនៃពាន French Cup។
ស្របពេលជាមួយគ្នានេះ ក្រុម Marseille បានផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌ Ligue 2 មួយផ្សេងទៀតគឺ Bourg-en-Bresse យ៉ាងចាស់ដៃក្នុងលទ្ធផល 9-។ ខ្សែបម្រើស្លាប Di Maria បានជួយឱ្យ PSG ដែលលេងដោយគ្មានខ្សែប្រយុទ្ធឆ្នើម Neymar មានគ្រាប់បាល់នាំមុខមុននៅនាទីទី1 នាកីឡដ្ឋាន Stade Bonal នៅភាគកើតនៃប្រទេសបារាំង ប៉ុន្តែ អតីតម្ចាស់ជើងឯក 2សម័យកាល Sochaux បានតាមស្មើវិញតាមរយៈកីឡាករ Florian Martin មុនឈានដល់នាទីទី15។
ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Edinson Cavani បានរក្សាការនាំមុខរបស់ក្រុមលោក Unai Emery នៅនាទីទី27 នៅពេលដែលរូបគេបានទទួលបាល់ពីការបញ្ជូនឱ្យរបស់កីឡាករ Layvin Kurzawa មុននឹងស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ។
Di Maria បានបន្ថែមគ្រាប់បាល់ទី3 មុនពេលឈានដល់នាទីទី60 តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ហើយរូបគេបានបណ្តើរបាល់ទម្លុះតំបន់ការពាររបស់ក្រុមម្ចាស់ផ្ទះ ក្រោយពីការបញ្ជូនបាល់ឱ្យពីសំណាក់ខ្សែបម្រើអ៊ីតាលី Marco Verratti។ កីឡាកររូបនេះបានបំពេញការរកគ្រាប់បាល់ទី3 របស់គេ ក្នុងរយៈពេល 3នាទីក្រោយមក តាមរយៈការបង្ខំឱ្យបាល់ផ្លាតចូលទី ក្រោយពីអ្នកចាំទី Lawrence Ati Zigi របស់ក្រុម Sochaux បានសង្គ្រោះបាល់ពីការស៊ុតយ៉ាងខ្លាំងរបស់ Cavani រួចមក៕
ប្រភពពី៖ Worldsoccertalk