Skip to content

តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 កំពុងមាន​សក្តានុពល

ស្រប​ពេលដែល​រដ្ឋាភិបាល​ប្រកាស​គម្រោង​ជួសជុល និង​ពង្រីក​ឡើងវិញ​នូវ​ជាតិ​លេខ3 ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ​ក្រុងភ្នំពេញ​ឆ្ពោះទៅ​ទី​រួម​ខេត្តកំពត បានធ្វើឱ្យ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ចាប់ផ្ដើម​មាន​សក្តានុពល​ខ្លាំង​ក្នុងការ​ពុះ​ជាឡូត៍ៗ និង​សង់​អគារ​ផ្ទះល្វែង​សម្រាប់​លក់។

លោក តាំង សេង​ប៉ អគ្គនាយក​បុរី​ហ្គ្រែ​ន​ផាក​ដែលមាន​ទីតាំង​ប្រមាណ​ជា 3គីឡូម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ​បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​សក្តានុពល​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3កំពុងមាន​តម្លៃ​កើនឡើង​ចាប់តាំងពី​រដ្ឋាភិបាល​ប្រកាស​ជួសជុល និង​ពង្រីក​ផ្លូវ​ឡើងវិញ​មក​នោះ​ក្រុមហ៊ុន​របស់លោក​ក៏​ចាប់ផ្តើម​គម្រោង​សាងសង់​នេះ​ឡើង​ដែរ​កាលពី​អំឡុង​ជាង​មួយខែ​មុន ដោយ​ក្រោយពី​ការប្រកាស​លក់​មក​ក៏មាន​អតិថិ​ន​ចូលមក​ទំនាក់ទំនង​ទិញ​បាន​ប្រមាណ​ជាង30%ហើយ គឺ​លើសពី​ការរំពឹងទុក។

លោក​ថា “បើ​យើង​ធ្វើដំណើរ​ពី​ចោមចៅ​ទៅ​តែ 5នាទី​ប៉ុណ្ណោះ​នឹង​ទៅដល់​ហើយ ពេលទៅដល់​គឺមាន​រោងចក្រ​នៅ​ជុំវិញ​តំបន់​នោះ​ជាច្រើន ពេល​ម៉ោង​ចេញ និង​ចូលធ្វើការ មាន​មនុស្ស​ច្រើន​អ៊ូអរ ដែលជា​សក្តានុពល​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​ផ្សេង។ បច្ចុប្បន្ន​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 មានការ​រីកលូតលាស់​ខ្លាំង ជាពិសេស​ការ​ពុះ​ដី​ជា​ឡូត៍​និង​សង់ផ្ទះ​ល្វែង​សម្រាប់​លក់ ប៉ុន្តែ​ក៏​ហាក់​មាន​ភាព​អសកម្ម​ខ្លះ​ដែរ ដោយសារ​អ្នកធ្វើដំណើរ​តែង​ជួប​ការកកស្ទះ​នៅ​ម្ដុំ​រង្វង់​មូល​ចោមចៅ​ស្ទើរ​រាល់ថ្ងៃ។

ករណីនេះ​លោក តាំង សេង​ប៉ និយាយថា វា​នឹង​ប្រសើរ​ឡើងវិញ​ក្រោយពី​សាលា​រាជធានី​សាងសង់​ស្ពាន​អាកាស​នៅត្រង់​រង្វង់​មូល​ចោមចៅ​រួចរាល់។ ជាមួយគ្នានេះដែរ លោក អ៊ុន និមល ម្ចាស់គម្រោង​ពុះ​ដីឡូត៍​លក់​នៅ​ជិត​ផ្សារ​ព្រៃទទឹង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ដែលមាន​ចម្ងាយ​ប្រមាណ​ជាជាង10គីឡូម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ​មានប្រសាសន៍​ទទួលស្គាល់​ថា បច្ចុប្បន្ន​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ពិត​ជាមាន​សម្ទុះ​ឡើងថ្លៃ​ពិតប្រាកដ​មែន ពោល​គឺមាន​ឈ្មួញ​ចុះ​ទិញ​ដី​សង់ផ្ទះ​ល្វែង និង​ពុះ​ឡូត៍​លក់ មាន​ឈ្មួញកណ្តាល​ចុះ​ទិញ​ទុក​លក់​យកចំណេញ​បន្ត និង​ពលរដ្ឋ​ទិញ​សម្រាប់​សង់ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន ឬ​សង់​បន្ទប់​ជួល​កាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់។ កន្លងមក​ដី​នៅ​តំបន់​នោះ​មានតម្លៃ​តែ 4 ឬ5ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​បច្ចុប្បន្ន​ឡើងថ្លៃ​ដល់​ទៅ40-50$ ឯណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​បានបញ្ជាក់​ដូច្នេះ​ថា “សម្រាប់​ដីឡូត៍​របស់ខ្ញុំ ទើបតែ​ចាក់ដី​ពុះ​លក់បាន​ត្រឹមតែ1ថ្ងៃ​ប៉ុណ្ណោះ មិនទាន់​បានដាក់​ផ្លាក​លក់​ផង គ្រាន់តែ​ដឹងតៗគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ស្រាប់​តែមាន​អតិថិជន​មក​កក់​ទិញ​អស់9ឡូត៍ភ្លាមៗបាត់ទៅហើយ មិនគួរ​ឱ្យ​ជឿ​សោះ។ អ្វីដែល​ធ្វើឱ្យ​ដី​នៅ​តំបន់​នោះ​មានការ​រីកលូតលាស់​ខ្លាំង គឺ​ដោយសារតែ​ស្ថិតនៅក្នុង​ទីតាំង​កំពុងអភិវឌ្ឍន៍​រោងចក្រ និង​ផែស្ងួត និង​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​ទៀត​កំពុង​សាងសង់ ចំណែក​ផែស្ងួត​មួយកន្លែង​កំពុង​ចាក់ដី​សាងសង់​ផងដែរ ពិសេស​សម្បូរ​រោងចក្រ​ច្រើន​អាច​ប្រកប​របរ​លក់ដូរ​បាន។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន​អចលនទ្រព្យ Vtrust Appraisal មានប្រសាសន៍ថា ជា​រឿង​ធម្មតា​ទេ ទីណា​មានការ​អភិវឌ្ឍ ទីនោះ​មាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ច្រើន​ហើយ ដោយសារតែ​ជាទី​តាំង​ដែលមាន​ចរន្ត​សេដ្ឋកិច្ច​ល្អ ប៉ុន្តែ​យ៉ាងណា​នោះ លោក​អះអាងថា ដី​នៅ​ម្តុំ​ផ្លូវជាតិ​លេខ3 គឺមាន​សក្តានុពល​ប្រហាក់ប្រហែល​នឹង​ដី​នៅ​ផ្លូវជាតិផ្សេងៗដែរ គឺ​មិនមែន​នៅ​ផ្លូវ​ណា​ល្អ​ជាង​ផ្លូវ​ណា​នោះទេ។

បើ​គេ​ក្រឡេក​មើលទៅ​ផ្លូវជាតិ​លេខ4វិញ គឺមាន​ភាពប្រសើរ​ជាង ដោយសារ​ផ្លូវ​នោះ​ពេល​គេ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ទៅ គឺ​មានកូន​ទីក្រុងតូចៗជា​បន្តបន្ទាប់​ដែលមាន​ចរន្ត​សេដ្ឋកិច្ច​ល្អ ប្រជាពលរដ្ឋ​អាច​ប្រកប​របរ​លក់ដូរ រក​ចំណូល​សម្រាប់​ក្រុមគ្រួសារ​បាន។

លោក​បាន​មានប្រសាសន៍ បន្ថែមទៀតថា មិនថាតែ​ផ្លូវជាតិ​លេខ3នោះទេ ទោះជា​ផ្លូវជាតិ​ណាក៏ដោយ បច្ចុប្បន្ន​កំពុងមាន​ស​ក្តា​នុព​ល​ពុះ​ដីឡូត៍​លក់ និង​សង់​សំណង់ផ្ទះ​ល្វែង​លក់​ច្រើនដូចៗគ្នា​ទាំងអស់​សំខាន់​ឱ្យតែ​ជាទី​តាំង​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ដូចជា​មាន​រោងចក្រ​ឧស្សាហកម្ម មាន​ផ្សារ សាលារៀន និង​មន្ទីរពេទ្យ ទីនោះ​តែងមាន​ប្រជាពលរដ្ឋ​ចូលទៅ​រស់នៅ​ច្រើន​ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *