សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានបញ្ជាក់នៅល្ងាចមុនពេលកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រទេសបារ៉ែន ថា ខ្លួននឹងធ្វើការស៊ើបអង្កេតទៅលើការផ្ទេររបស់ខ្សែបម្រើ Paul Pogba ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ (ស្មើនឹង១១១លានដុល្លារអាមេរិក) ទៅកាន់ក្លិប Manchester United ពីក្លិប Juventus។
ការប្រកាសពីការស៊ើបអង្កេតនេះ បានកើតឡើង ក្រោយពីមានការចោទប្រកាន់ទាក់ទងនឹងការបែកធ្លាយឯកសារផ្សេងៗថា លោក Mino Raiola ដែលជាភ្នាក់ងាររបស់ Pogba ទទួលបានចំណូល២៧លានអឺរ៉ូពីក្លិប Juventus ដើម្បីធ្វើជាអ្នកសម្របសម្រួលក្នុងការលក់កីឡាកររូបនេះ ក៏ដូចជាទទួលប្រាក់១៩,៤លានអឺរ៉ូពីក្លិប Man United សម្រាប់សេវាកម្មរបស់លោក។
លោក Raiola ក៏ទទួលបានប្រាក់២,៦លានអឺរ៉ូបបន្ថែមទៀតផងដែរ ក្នុងនាមជាតំណាងឲ្យ Pogba សម្រាប់ការធ្វើការចរចាទៅលើប្រាក់ចំណូលរបស់គេ។ ប្រភពមួយរបស់ FIFA ត្រូវបានគេដកស្រង់សម្តីក្នុងពេលនិយាយថា អង្គភាពនេះ នឹងធ្វើការស៊ើបអង្កេត ប៉ុន្តែ វាមិនច្បាស់ថា តើពួកគេនឹងធ្វើការស៊ើបអង្កេតទៅលើករណីណាមួយឡើយ? មិនមានបុគ្គលណាម្នាក់ធ្វើការបកស្រាយទៅលើបញ្ហានេះឡើយ បើទោះបី Man United បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «យើងមិនធ្វើការបកស្រាយទៅលើកិច្ចសន្យាជាលក្ខណៈបុគ្គលឡើយ។ FIFA មានឯកសារទាំងនោះចាប់តាំងពីការផ្ទេរត្រូវបានបំពេញកាលពីខែសីហា មកម្ល៉េះ»។
Pogba វ័យ២៤ឆ្នាំ បានចាប់ផ្តើមអាជីពរបស់គេជាមួយនឹងក្លិបរបស់អង់គ្លេសមួយនេះ(Man United) ប៉ុន្តែ បានបង្ហាញខ្លួនត្រឹមតែ៣លើកគត់ក្នុងក្របខ័ណ្ឌ Premier League មុននឹងផ្ទេរទៅកាន់ប្រទេសអ៊ីតាលី ក្រោយពីមានជម្លោះជាមួយនឹងគ្រូបង្វឹកក្នុងពេលនោះគឺលោក Alex Ferguson។ រូបគេបានជួបភាពជោគជ័យដ៏អស្ចារ្យក្នុងក្របខ័ណ្ឌ Serie A ដោយឈ្នះពាននេះ៤ជាមួយនឹងក្លិប Juventus នៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៦ មុននឹងផ្ទេរទៅកាន់ Man United ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក៕
ប្រភពពី៖ The Guardian