តារាចម្រៀងប្រុស ដែលមហាជនបានដាក់រហស្សនាមថា “អធិរាជសំនៀងស្អក” ដ៏ពីរោះរណ្តំដួងចិត្ត មានឈ្មោះពិតលោក ប៉ុន សុណារិនហៅលោក ខេម បានបង្ហើបប្រាប់ឱ្យដឹងថា នៅពេលដ៏ខ្លីខាងមុខនេះ លោកនឹងបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តដែលផលិតឡើងដោយផលិតកម្មថោន ក្នុងតំណែងជាតួឯក។
តារាចម្រៀងរូបនេះ ក៏បានបង្ហើបប្រាប់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើការថតកុនដែរថា “ចំពោះរឿងថតកុននេះ កន្លងមកមានខាងផលិតករជាច្រើនដែរបានមកទាក់ទងហៅខ្ញុំទៅថតជាហូរហែ តែដោយសារខ្ញុំ និងផលិតករ ចរចាគ្នាមិនត្រូវលើតម្លៃ ពេលវេលា និងសាច់រឿងមិនត្រូវចិត្តខ្ញុំជាដើម។ ចំណែកឯផលិតកម្មថោនវិញ ប្រសិនបើផលិតកម្មតម្រូវឱ្យថតកុនវិញនោះ ខ្ញុំក៏ត្រូវតែថតតាមការចាត់ចែងរបស់គេដែ។
គួរកត់សម្គាល់ផងដែរថា លោក ខេម តារាចម្រៀងប្រចាំផលិតកម្មថោន ដែលមានឈ្មោះដើមលោក ប៉ុន សុណារិន មានស្រុកកំណើតនៅស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានប្រឡូកចូលវិថីសិល្បៈនាអំឡុងពេលឆ្នាំ2007 តាមរយៈការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Boy Band របស់ស្ថានីយទូរទស្សន៍ CTN និងបានធ្វើជាតារាចម្រៀងឱ្យស្ថានីយទូរទស្សន៍មួយនេះរយៈពេលមួយឆ្នាំផងដែរ។ កាលពីឆ្នាំ2008 លោក ខេមបានចូលច្រៀងនៅផលិតកម្មថោន ខណៈតារាចម្រៀងសំឡេងស្អករូបនេះ មិនសូវទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីទស្សនិកជនប៉ុន្មាននោះទេនាពេលនោះ៕