តើអ្នកគិតយ៉ាងណាដែរ នៅពេលជិតមានសមាជិកថ្មីម្នាក់កើតឡើងនៅក្នុងជីវិត និងក្នុងគ្រួសាររបស់អ្នក? អ្នកប្រហែលជាត្រេកអរខ្លាំងណាស់និងប្រាកដក្នុងចិត្តបានតែម្ដងថា អ្នកត្រូវតែបំប៉នគភ៌មួយនេះយ៉ាងល្អបំផុត ហើយអ្វីដែលអ្នកនឹងធ្វើចំពោះកូនសម្លាញ់របស់អ្នកក្នុងអំឡុងពេលតាំងគភ៌នោះគឺ ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍ដល់រាងកាយរបស់កូនដែលនៅក្នុងគភ៌។ អាហារគឺសំខាន់មិនអាចខ្វះបានឡើយ បើអ្នកមានផែនការចង់បានបុត្រ នោះគឺការទទួលទានវីតាមីន ហើយបើចង់ឱ្យល្អបំផុតនោះ អ្នកគួរតែទទួលទានតាំងពីមុនពេលតាំងគភ៌ និងក្នុងអំឡុងពេលមានគភ៌ ហើយវីតាមីនដែល ឡារ៉ែន ចង់ណែនាំឱ្យទទួលទាន មានដូចតទៅ ៖
1/ អាស៊ីតហ្វូលិក
អាស៊ីតហ្វូលិក មានភាពសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានគភ៌គ្រប់រូប។ ស្ត្រីដែលមានផែនការចង់បានកូនគួរទទួលទានអាស៊ីតហ្វូលិកយ៉ាងតិចមុនពេលមានគភ៌1-3ខែ ហើយបើដឹងថា ខ្លួនតាំងគភ៌ហើយ គួរតែទទួលទានភ្លាមតែម្ដងព្រោះអាស៊ីតហ្វូលិកនឹងជួយកាត់បន្ថយភាពពិការតាំងពីពេលកើតដំបូងរបស់ទារកបាន។ ស្ត្រីអាចទទួលទានអាស៊ីតហ្វូលិកក្នុងរូបបែបជាថ្នាំ ឬអាហារក៏បាន អាស្រ័យលើភាពងាយស្រួល។ បើត្រូវការទទួលទានជាអាហារក៏មានដូចជា គ្រាប់សណ្ដែកខ្មៅ បន្លែស្លឹកបៃតង ស្លឹកផ្ទី និងថ្លើម ជាដើម។
2/ វីតាមីន C
បើស្ត្រីដែលចាប់ផ្ដើមតាំងគភ៌បានទទួលទានវីតាមីន C យ៉ាងត្រឹមត្រូវ នឹងជួយការពារការរលូតបុត្របាន ហើយបើចំពោះបុរសៗដែលត្រូវការចង់ឱ្យភរិយារបស់ខ្លួនមានកូនវិញនោះ ក៏គួរតែទទួលទានវីតាមីនឱ្យច្រើនៗដែរ ព្រោះវានឹងជួយបង្កើនបរិមាណទឹកអសុចិ និងធ្វើឱ្យមេជីវិតរឹងមាំទៀតផង។
3/ វីតាមីន E
វីតាមីន E សំខាន់ខ្លាំងណាស់ ទាំងស្ត្រី ទាំងបុរស។ សម្រាប់បុរស វីតាមីន E នឹងធ្វើឱ្យទឹកមេជីវិតរឹងប៉ឹង ហើយសម្រាប់មនុស្សស្រីនឹងធ្វើឱ្យចរន្តនៃការទម្លាក់ស៊ុតញីដំណើរការយ៉ាងប្រក្រតី។
4/ ជាតិស័ង្កសី
សំខាន់សម្រាប់ទាំងបុរស និងទាំងស្ត្រីគ្រប់រូបដូចគ្នា ព្រោះនឹងធ្វើឱ្យប្រព័ន្ធបន្តពូជធ្វើការបានល្អ និងការបំបែកខ្លួនរបស់កោសិកាធ្វើការបានយ៉ាងមានប្រសិទ្ធភាព។ ប្រភពអាហារដែលសម្បូរដោយសារធាតុសំខាន់មួយនេះរួមមានដូចជា ទឹកដោះគោជូរ យ៉ាអួ សណ្ដែកខៀវ អយស្ទ័រ សាច់មាន់ បង្គាស្រស់ សាច់គោ គ្រាប់ល្ង និងគ្រាប់ល្ពៅជាដើម។
5/ វីតាមីន B6
ជួយគ្រប់គ្រងប្រព័ន្ធការទម្លាក់ស៊ុតឱ្យដំណើរការប្រក្រតីសម្រាប់ស្ត្រី និងចំពោះស្ត្រីមានផ្ទៃពោះដែលមានអាការចាញ់កូន អាចទទួលទានវីតាមីន B6 ដើម្បីជួយសម្រាលអាការនេះបាន។ អាហារដែលមានវីតាមីន B6 ច្រើន មានដូចជា បន្លែផ្ទី មើមស្ពៃ ម្ទេស ខ្ទឹមស ទំពាំងបារាំង ប្រូខូលី ត្រីធូណា បន្លែខាត់ណា សាច់ត្រី ថ្លើម ស្ពៃក្ដោប និងជីបារាំង។
6/ អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ
អាហារពពួកនេះនឹងជួយឃុំគ្រងស៊ុតញីរបស់ស្ត្រី និងមេជីវិតរបស់បុរសពីភាពខុសប្រក្រតីរបស់ប្រព័ន្ធក្រូម៉ូហ្សូម។ ប្រភពអាហារដែលសំខាន់គឺ បង្គាស្រស់ ផ្សិត ថ្លើម សាច់ត្រី សាច់ត្រីធូណា សាច់ត្រីសាល់ម៉ុន និងសាច់ត្រីឆ្ពង់។
7/ សារធាតុដែក
សារធាតុដែក ជាប្រភពអាហារសំខាន់ក្នុងការមិនធ្វើឱ្យលោកអ្នកកើតជំងឺលោហិតស្លេក និងសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានគភ៌។ ប្រភពអាហារដែលយើងរកសារធាតុនេះបានគឺ តៅហ៊ូ គ្រាប់សណ្ដែក បន្លែត្រកួន និងគ្រាប់ល្ពៅ។ល។
8/ អាស៊ីតខ្លាញ់ចាំបាច់ផ្សេងៗ
ដូចជា អូមេហ្កា 3 ជាដើម វានឹងជួយគ្រប់គ្រងកម្រិតអ័រម៉ូនរបស់ស្ត្រីមានគភ៌ ធ្វើឱ្យស្បូនរឹងមាំ ជួយដល់ប្រព័ន្ធឈាមរត់ កាត់បន្ថយសភាវប្រសូតមុនកំណត់ និងធ្វើឱ្យទម្ងន់ខ្លួនកូនល្អ។ ប្រភពអាហារសំខាន់ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ មានដូចតទៅ សណ្ដែកវ៉លណាត់ បង្គាស្រស់ ត្រីសាឌីន ត្រីធូ-ណា ត្រីសាល់ម៉ុន គ្រាប់ហ្វ្លែកស៍ និងត្រីឆ្ពង់។
ស្ត្រីដែលកំពុងតាំងគភ៌ហើយ ឬកំពុងត្រៀមខ្លួនជិតមានគភ៌ បើចង់មានសុខភាពល្អ ក្រៅពីការទទួលទានអាហារហើយ នៅត្រូវហាត់ប្រាណគួបផ្សំផងដែរ។ សម្រាប់ស្ត្រីកំពុងមានគភ៌គួរប្រឹក្សាជាមួយគ្រូពេទ្យសិនមុននឹងចាប់ផ្ដើមទទួលទានអាហារបំប៉នណាមួយ និងមិនគួរទទួលទានច្រើនជ្រុលពេកនោះទេ។ អ្វីដែលសំខាន់ គួរចៀសវាងសភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលអាចកើតឡើងបាន ដូចជា ការទទួលសារធាតុពុល ឬការប្រើថ្នាំប្រភេទខ្លះដែលមានផលប៉ះពាល់ជាមួយអ័រម៉ូនក្នុងរាងកាយ៕