ប្រធានក្រុមបេសកកម្មថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ច ក៏ដូចជាការរីកចម្រើនរបស់វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា នារយៈពេលជាង 2ទសវត្សរ៍ចុងក្រោយនេះ។
លោក Jarkko Turunen ប្រធានក្រុមបេសកកម្មថ្មីរបស់ IMF សម្រាប់កម្ពុជា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះធនាគារជាតិនៃកម្ពុជាដែលបានអភិវឌ្ឍវិស័យធនាគារ ប្រកបដោយភាព
រឹងមាំ និងអាចគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារបានយ៉ាងល្អ។
ក្នុងនាមមូលនិធិរូបិយវត្ថុអន្តរជាតិ លោកក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីជំនាញ ព្រមទាំងជួយតាមដានលើវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចកម្ពុជាដើម្បីរួមចំណែកបន្តជំរុញកំណើនប្រកបដោយចីរភាព។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ស្ថិរភាពនយោបាយ និងសុខសន្តិភាព គឺពិតជាមានសារសំខាន់មិនអាចខ្វះបានឡើយចំពោះការរីកចម្រើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមមានប្រសាសន៍ថា៖“កត្តាទាំងនេះហើយដែលធ្វើឱ្យកម្ពុជាអាចសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងមានភាពរឹងមាំនារយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ 2017 នេះកម្ពុជារំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា 7% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដោយអត្រាអតិផរណាមានកម្រិតទាបជាង5% និងស្ថិរភាពតម្លៃប្រាក់រៀល”។
គួរបញ្ជាក់ថា បច្ចុប្បន្នអត្រាកំណើនឥណទានបានថយចុះសន្សឹមៗ ទៅក្នុងអត្រាសមស្រប (17.6%នៅខែកុម្ភៈ ឆ្នាំ2017) រួមចំណែកធ្វើឱ្យឥណទានបន្តមានគុណភាពល្អប្រសើរ៕