Skip to content

បឹង​កេងកង​នឹងមាន​ខុន​ដូ​ប្រណីត​របស់​ជប៉ុន​ថ្មី​មួយទៀត

បឹង​កេងកង ជា​តំបន់​ដែល​គេ​ដឹងថា​មាន​អចលនទ្រព្យ​ថ្លៃ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​ទីនោះ​សម្បូរ​ទៅដោយ​អគារ​ការិយាល័យ​ខ្ពស់ អគារ​សម្រាប់​ស្នាក់នៅទំនើបៗ ព្រមទាំង​មាន​ហាង​លក់​ទំនើប និង​ភោជនីយដ្ឋាន​ដ៏​សម្បូរបែប​ទៀតផង។

ដោយ​សម្លឹង​ឃើញ​តម្រូវការ​អគារ​ស្នាក់នៅ និង​អគារ​បំពេញការងារ​ប្រកបដោយ​ផាសុកភាព​នោះ​ក្រុម​អ្នកវិនិយោគ​ជប៉ុន​មួយក្រុម​បានសម្រេច​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង10លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ខុន​ដូ​ទំនើប​មួយ​ដែលមាន​គុណភាព​ខ្ពស់ ប្រកបដោយ​ស្តង់ដារ​របស់​ជប៉ុនពិត។

លោក មុត ចាន់​ដា​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន L’attrait Property Development Inc. របស់​វិនិយោគិន​ជប៉ុន បាន​មានប្រសាសន៍ថា បើទោះបីជា​បច្ចុប្បន្ននេះ​រាជធានី​ភ្នំពេញ ត្រូវគេ​មើលឃើញថា​ការផ្គត់ផ្គង់​អគារ​អា​ផាត​មិន និង​អគារ​ខុន​ដូ​ហាក់​មាន​ចំនួន​លើស​តម្រូវការ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន L’attrait Property Development Inc. មិនមាន​ការ​រុញ​រា​ក្នុង​ការបោះ​ទុនវិនិយោគ​លើ​គម្រោង​សាងសង់​អគារ​ខុន​ដូ​ថ្មី​នេះឡើយ​ដោយ​ក្រុមហ៊ុន​បានរៀបចំ​រចនាប័ទ្ម​សាងសង់​អគារ​ប្រកបដោយ​សោភ័ណភាព គុណភាព និង​ផាសុកភាព​គួរឱ្យ​ចង់​រស់នៅ។

លោក​បាន​បន្ថែមថា លក្ខណៈពិសេស​របស់​គ​ម្រោ​ង​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​អតិថិជន​ជា​វិនិយោគិន​បរទេស និង​ជនជាតិ​ជប៉ុន​ដែល​កំពុងស្នាក់នៅ និង​ប្រកបការងារ​នៅក្នុង​រាជធានី​ភ្នំពេញ។

កត្តា​ដែល​អាច​ចាប់​អតិថិជន​គោលដៅ​នេះ​បាន គឺ​ដោយសារ​ក្រុមហ៊ុន​ផ្តោតលើ​កត្តាសំខាន់ៗចំនួន3 គឺ​ទី1 ក្រុមហ៊ុន​មាន​បទពិសោធ ក្នុងការ​សាងសង់​ប្រកបដោយ​ភាពជោគជ័យ​នៅ​ប្រទេស​ជប៉ុន​រួចមកហើយ ហើយ​ក្រុមហ៊ុន​ក៏បាន​ឡើង​ផ្សារ​ហ៊ុន (Stock Exchange) នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ទៀតផង។ ទី2 ក្រុមហ៊ុន​បានសម្រេច​ចិត្ត​ទិញ​ដី​នៅក្នុង​តំបន់​បឹង​កេងកង ដែលជា​តំបន់​សម្បូរ​ទៅដោយ​អ្នកវិនិយោគ​ស្នាក់នៅ និង​បំពេញការងារ ហើយ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ​គ្រប់ទិសទី និង​ទី3 ការសាងសង់ និង​ដេ​គ័​រ​រៀបចំ​បន្ទប់ផ្សេងៗត្រូវបាន​ធ្វើឡើង​ប្រកបដោយ​គុណភាព សោភ័ណភាព និង​ផាសុកភាព ពិសេស​សម្រាប់​អ្នកវិនិយោគ​ដែល​ស្នាក់នៅ​មិនមាន​ដៃគូ ឬ​ស្វាមីភរិយា គឺអាច​មាន​អាហារ ភេសជ្ជៈ​បម្រើ​គ្រប់​ប្រភេទ ប្រៀប​ដូច​ការ​រស់នៅក្នុង​សណ្ឋាគារ​ដែរ។

គួរបញ្ជាក់​ផងដែរ​ថា គម្រោង​នេះ​មាន​កម្ពស់ 90.3ម៉ែត្រ ស្មើនឹង26ជាន់ និង​មាន​បន្ទប់​ស្នាក់នៅ​សរុប​ចំនួន149 យូ​នី​ត។ បន្ទប់​ស្នាក់​នៅមាន 4ប្រភេទ​គឺ​ប្រភេទ Studio មាន​ទំហំ27ម៉ែត្រការ៉េ ប្រភេទ1បន្ទប់​គេង មាន​ទំហំ50ម៉ែត្រការ៉េ ប្រភេទ2បន្ទប់​គេង មាន​ទំហំ70ម៉ែត្រការ៉េ និង​ប្រភេទ​ទំហំ150ម៉ែត្រការ៉េ ដោយបាន​ចាប់ផ្តើម​បុកគ្រឹះ​សាងសង់​ក្នុង​ខែធ្នូ ឆ្នាំ2017 នេះ​តទៅ។ សម្រាប់​តម្លៃ​វិញ គឺ​លក់​ក្នុងតម្លៃ​ចាប់ពី10ម៉ឺន​ដុល្លារ​ឡើងទៅ ដោយ​បច្ចុប្បន្ន​គម្រោង​នេះ​ត្រូវបាន​អតិថិជន​បរទេស​កក់​អស់​ជាង30%រួចហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *