ដោយយោងតាមសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា លោក Rain នៅពេលថ្មីៗនេះបានបង្ហើបឱ្យដឹងអំពីការចំណាយថវិកានៅថ្ងៃរៀបអាពាហ៍ពិពាហ៍ ជាមួយ Kim Tae Hee កាលពីអំឡុងខែមករាកន្លងមក នៅក្នុងកម្មវិធីសម្ភាស Carefree Travelers ។
តារាចម្រៀង Rain បានពោលថា «ការចំណាយក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍របស់ខ្ញុំអស់ប្រមាណជាង 2 លានវ៉ុនតែប៉ុណ្ណោះ ដោយសារតែនេះ គឺជាតម្រូវការរបស់ភរិយារបស់ខ្ញុំ ដែលនាងមិនចង់ឱ្យមានការរៀបចំកម្មវិធីបែបអធិកអធមហើយមានភាពភ្ញាក់ផ្អើលអីនោះទេ»។ លោកបានបន្ដទៀតថា ភរិយាខ្ញុំនាងចង់រៀបចំពិធីមង្គលការបែបសាមញ្ញៗ ងាយៗ តាមបែបគ្រិស្តសាសនា ហើយគ្មានជាងថតរូបសន្លឹកនោះទេ មានតែជាងថតវីដេអូប៉ុណ្ណោះ សូម្បីតែឈុតកូនកំលោះ ក៏មិនបានទិញថ្មីដែរ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះភ្ញៀវកិត្តិយសដែលបានចូលរួម ពួកគាត់អាចថតរូបបានដោយខ្លួនឯង មិនចាំបាច់ជួលជាងថតរូបទេ ព្រោះថា មានតែក្រុមគ្រួសារ មិត្តរួមអាជីព និងសាច់ញាតិបងប្អូនប៉ុណ្ណោះដែលបានចូលរួមនៅក្នុងពិធីមង្គលការនេះ៕