ប្រទេសជិតខាងក្នុងតំបន់អាស៊ានរបស់យើងមួយទៀតដែលមានតំបន់ស្អាតៗគួរឱ្យចង់ទៅកម្សាន្តជាច្រើនកន្លែង មិនថាតែឆ្នេរ បូរ៉ាហ្គាយ ដ៏ស្រស់ស្អាត និងល្បីល្បាញនោះទេ តែក៏នៅមានទីកន្លែងដែលចម្លែកភ្នែកមួយទៀតដែលកើតឡើងពីការបង្កើតរបស់ធម្មជាតិ ថែមទាំងមានឈ្មោះដូចគ្នានឹងស្ករគ្រាប់ទៀតផង គឺ សូកូឡា ហៀល។ តើទីនោះមានអ្វីខ្លះទៅ ទំព័រទេសចរណ៍ឡារ៉ែន នឹងនាំមិត្តអ្នកអានទៅទស្សនាទាំងអស់គ្នា…។សូកូឡា ហៀល (Chocolate Hills) ស្ថិតនៅលើកោះ បូហល ប៉ែកខាងកើតទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។ កោះនេះមានឈ្មោះថាជាកោះដែលធំជាងគេបំផុតរបស់ហ្វ៊ីលីពីន មានភាពស្រស់ស្អាតតាមធម្មជាតិដែលល្អឥតខ្ចោះ។ ឆ្នេរសមុទ្រត្រូវបានក្រាលដោយខ្សាច់ពណ៌សក្បុស មានសម្បត្តិធម្មជាតិក្រោមសមុទ្រដ៏សែនស្រស់ស្អាត ដែលអ្នកមុជទឹកទាំងឡាយតែងនឹកស្រមៃចង់ទស្សនា តែទីកន្លែងដែលធ្វើឱ្យ បូហលមានលក្ខណៈឯក លេចធ្លោខុសពីទីកន្លែងផ្សេងទៀតនោះគឺ ដែនដីមួយនេះឯង។
ទ្រង់ទ្រាយរបស់ សូកូឡា ហៀល គឺជាកូនភ្នំតូចៗ ជារាងសាជីផ្កាប់ ដែលមានលក្ខណៈហាក់ដូចជាប៉ុនៗគ្នា រៀងគ្នាជាជួរក្នុងបរិវេណដ៏ធំទូលាយ គ្របដណ្ដប់លើផ្ទៃដីជាង50គីឡូម៉ែត្រការ៉េ ដែលគេប៉ាន់ស្មានថា មានចំនួនប្រមាណជា1,260 ទៅ 1,776កូនភ្នំ។ កម្ពស់ជាមធ្យមគឺប្រមាណជា30-50ម៉ែត្រ ចំណែកកូនភ្នំដែលធំជាងគេបំផុតមានកម្ពស់120ម៉ែត្រ។ គ្រោងសាងកូនភ្នំទាំងនេះគឺជាថ្មកំបោរ ដែលគ្របដណ្ដប់ដោយដើមស្មៅ ដោយកូនភ្នំទាំងនេះកើតពីស្នាដៃរបស់ធម្មជាតិដ៏អស្ចារ្យពន់ពេក។ ចំណែកប្រភពនៃឈ្មោះដែលហៅថា ភ្នំស្ករសូកូឡានេះ គឺមកពីវាមានរូបរាងលក្ខណៈស្រដៀងនឹងគ្រាប់ស្ករសូកូឡាមូលតូចៗជាច្រើនដុំដែលមករួមគ្នានៅក្នុងកន្លែងតែមួយហ្នឹងឯង។
ចំណែកប្រវត្តិដែលធ្វើឱ្យកើតជាកូនភ្នំតូចធំឡើងចំនួនច្រើនបែបនេះ គេនាំគ្នានិយាយថា កាលពីយូរលង់ច្រើនលានឆ្នាំមុន នៅបរិវេណនោះគឺជាផ្ទៃមហាសមុទ្រ ហើយនេះគឺជួរផ្កាថ្មដ៏សែនសម្បូរបែប ក្រោយមកទឹកសមុទ្របានកើតការរីងស្ងួតហួតហែងអស់ បន្ទាប់ពីនោះមកក៏កើតមានការកកើតការពូនគររបស់ថ្មកំបោរឡើងរហូតក្លាយជាកូនភ្នំទាំងនោះ។
តែបើតាមរឿងរ៉ាវនិទានរបស់អ្នកស្រុកភូមិក្បែរៗនោះវិញ គេនាំគ្នាតំណាលថា កាលពីច្រើនលានឆ្នាំមុន មានយក្ស2ក្បាល តែងតែឈ្លោះគ្នាជាប្រចាំ ពេលខឹងសម្បា ក្រេវក្រោធម្ដងៗ តែងតែលើកដុំថ្មធំៗគប់ដាក់គ្នា។ ឈ្លោះគ្នាគ្មាន
លស់ថ្ងៃរហូតដល់ធុញទ្រាន់ ក៏បែរមកចរចាត្រូវរ៉ូវគ្នា និងបានក្លាយមិត្តសម្លាញ់នឹងគ្នាវិញនៅទីបំផុត។ បន្ទាប់ពីនោះមកមហាយក្សទាំង2 មិនព្រមបោសសម្អាតទីកន្លែងដែលខ្លួនធ្លាប់លើកដុំថ្មគប់ដាក់គ្នានោះឡើយ ទើបវាក្លាយជាគំនរថ្ម និងដីដែលមានចំនួនដ៏ច្រើនមហាសាលឱ្យយើងបានទស្សនានៅថ្ងៃនេះ។ឯរឿងមួយទៀតបានតំណាលថា គឺជាសោកនាដកម្មរ៉ូមែនស៍ ដែលបង្កឡើងដោយមហាយក្សមួយក្បាលដែលលង់ស្នេហ៍នឹងនារីម្នាក់ តែក្រោយមកនារីម្នាក់នោះបានស្លាប់ចោល ធ្វើឱ្យមហាយក្សខូចចិត្តសោកស្ដាយ ក៏ស្រែកទួញសោកទ្រហោយំ រហូតទឹកភ្នែកក្លាយជាកូនភ្នំទាំងនោះរហូតមកដល់សព្វថ្ងៃនេះ។
ទោះជាមានរឿងតំណាលពីប្រវត្តិដែលពាក់ព័ន្ធនឹងបណ្ដុំភ្នំ សូកូឡា ហៀល នេះជាច្រើនរឿងក៏ដោយ តែទីបំផុតទៅ ទ្រឹស្ដីខាងធរណីវិទ្យា មើលទៅហាក់ដូចជាមានភាពពិតត្រឹមត្រូវជាមួយនឹងចម្លើយខ្លាំងបំផុត តែក៏នៅតែមានចំណុចសង្ស័យដដែលថា តើវាគរពីលើគ្នាយ៉ាងណា បានក្លាយជារូបសាជីផ្កាប់ដែលមានទំហំសឹងតែប៉ុនៗគ្នាដល់ថ្នាក់នេះ? ដែលសូម្បីតែអ្នកជំនាញការក៏មិនទាន់រកចម្លើយច្បាស់លាស់ឃើញនៅឡើយដែរ…៕