ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham Hotspur បានសាទរចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ធំមួយនៃក្រុមរបស់គេ តាមរយៈការបញ្ចប់ដោយការឈរលេខ១លើពូល H ក្នុងក្របខ័ណ្ឌ Champions League ក្រោយពីបានវាយបកដើម្បីផ្តួលក្រុម Borussia Dortmund 2-1។
Spurs មានសុវត្ថិភាពក្នុងការឈរលេខ1ក្នុងពូល H ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ Kane និង Son Heung-min បានបំពេញជ័យជម្នះរបស់ពួកគេ ក្រោយពីខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Dortmund បានជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុន។ លទ្ធផលនេះ បានធ្វើឲ្យក្រុម Tottenham ដែលបានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេចនោះ មាន13ពិន្ទុ និងបានធ្វើឲ្យក្រុម Real Madrid ត្រូវមានវាសនាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 ខណៈដែលនៅសល់1ប្រកួតទៀត។ Kane បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាជារាត្រីដ៏ធំ និងអស្ចារ្យមួយសម្រាប់យើង សម្រាប់អ្នកគាំទ្រ សម្រាប់ក្លិប ក្នុងការបញ្ចប់ដោយឈរលើកំពូលនៃតារាងពូល ខណៈដែលនៅសល់1ប្រកួតទៀត។ គ្រប់គ្នាបានដាក់ក្តីសង្ឃឹមមកលើយើង នៅមុនពេលប្រកួត។ វាជាកន្លែងដ៏លំបាកក្នុងការទៅដល់ និងឈ្នះ។ ពិតជារាត្រីដ៏អស្ចារ្យមែន»។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានលត់ក្រុម APOEL យ៉ាងចាស់ដៃក្នុងលទ្ធផល 6-០ ក្នុងទីក្រុងស៊ីប ដើម្បីឈានទៅវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុម Liverpool បានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ3គ្រាប់ក្នុងការប្រកួតដ៏រំភើបនៅលើទឹកដីក្រុម Sevilla។
ក្រុម Real របស់លោក Zinedine Zidane បានធ្វើការស្តារមុខមាត់ពីការរងបរាជ័យរបស់ពួកគេក្នុងលទ្ធផល 3-1 នៅលើទឹកដីក្រុម Tottenham Hotspur កាលពីជុំមុន តាមរយៈការលត់ក្រុម APOEL យ៉ាងចាស់ដៃ ខណៈដែលពួកគេបានរកបាន4គ្រាប់នៅត្រឹមតង់ទី1៕
ប្រភពពី៖ Daily Stars