ភ្នំពេញ ៖ នៅក្នុងរយៈពេល១០ ឆ្នាំ២០២៤ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន ៥១៦គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ២,៥៤លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង១ពាន់លានដុល្លារអាមេរិក។ នេះបើតាមប្រសាសន៍ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងនៅក្នុងពិព័រណ៍ឧស្សាហកម្ម សំណង់អន្តរជាតិ ២០២៤ កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា វិស័យសំណង់ក្នុងរាជធានីភ្នំពេញ មានភាពរីកចម្រើនយ៉ាងខ្លាំង ដែលបានបង្ហាញឱ្យឃើញតាមរយៈវត្តមានទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម (ខុនដូ) សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដែលជារួមនៅរាជធានីភ្នំពេញ មានសំណង់ បុរី បណ្ដុំផ្ទះល្វែង ចំនួន ៤៤៨កន្លែង និងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងមានចំនួន ១ ៨៤៩អគារ ។
បើតាមឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា តាមរយៈការអនុវត្តប្លង់គោលប្រើប្រាស់ដីធ្លី ឆ្នាំ២០៣៥ ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្ដានុពលដែលមានស្រាប់ក្នុងរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តជំរុញការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងលក្ខណៈជាប្រព័ន្ធ ក្នុងនោះរយៈពេល១០ខែ ឆ្នាំ២០២៤នេះ មន្ទីរជំនាញបានប្រមូលទិន្នន័យក្បាលដីបានចំនួន ៣៥.០៦២ក្បាលដី ចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំបានចំនួន៨៣បណ្ណ និងបានជំរុញការប្រមូលចំណូលពន្ធប្រថាប់ត្រាបង់ចូលថវិកាជាតិចំនួន ជាង៧០លានដុល្លារអាមេរិក ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំ និងលើកទឹកចិត្តទៅដល់អ្នកសាងសង់ទាំងអស់ ត្រូវគិតគូរឱ្យច្បាស់លាស់ពីតម្រូវការរបស់ខ្លួនក្នុងការសាងសង់អ្វីមួយ គប្បីកំណត់ពីអ្វីដែលជាតម្រូវការ និងអ្វីដែលមិនត្រូវការ ហើយគួរមកប្រើនូវសម្ភារៈសំណង់ដែលមានស្រាប់នៅក្នុងប្រទេស ជៀសវាងការនាំចូលពីខាងក្រៅហួសហេតុ លើសពីតម្រូវការ ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអ្នកសាងសង់កែច្នៃរបស់ក្នុងស្រុក ដែលអាចយកធ្វើជាគ្រឿងបង្គុំនៃការសាងសង់សំណង់ ពីព្រោះថារបស់ខ្លះនាំចូលមកប្រើ ហើយនៅពេលសាងសង់រួចក៏ត្រូវបោះចោល ដូច្នេះ អាចងាកមកមើលសម្ភារៈក្នុងស្រុកណាដែលអាចប្រើប្រាស់ក្នុងការដ្ឋានសាងសង់បាន គួរប្រើដើម្បីលើកតម្កើងរបស់ក្នុងស្រុក ៕