ភ្នំពេញ៖ ក្នុងឱកាសថ្លែងបាឋកថាទៅកាន់អភិបាលរងខេត្ត និងរាជធានី ស្តីពី “ការជំរុញការវិនិយោគ និងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន” ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងយ៉ាងច្បាស់អំពីកត្តាសំខាន់ៗដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ក្នុងនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា គ្រាន់តែក្នុងខែកញ្ញា CDC បានចុះបញ្ជីគម្រោងវិនិយោគចំនួន ២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៤៣ លានដុល្លារអាមេរិក អាចបង្កើតការងារប្រមាណ ២៥ ០០០កន្លែង។
ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានឱ្យដឹងទៀតថា រំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាក្រោយពីវិបត្តិ កូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង ឆមាសទី១ ឆ្នាំ២០២៤ CDC បានទទួលចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៩០ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៣ ២៥៨ លាន ដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន ប្រមាណ ១៦៩ ពាន់កន្លែង។ ដោយឡែក ក្នុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគចំនួន ២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៤៣ លាន ដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ២៥ ពាន់ កន្លែងបន្ថែមទៀត។
នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានរំលេចនូវកត្តាអំណោយផលរបស់កម្ពុជា ដែលជាភាពទាក់ទាញដល់ការវិនិយោគផ្ទាល់ពីបរទេស ក្នុងខណៈដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ទន្ទឹមនឹងការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែ នឹងបន្តរ យកចិត្តទុកដាក់ខ្ពស់ចំពោះ សេវាថែទាំវិនិយោគ តាមរយៈយន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការផ្សេងៗទៀត។ ដោយឡែក ក្រៅពីការវិនិយោគផ្ទាល់ ១០០ % វិនិយោគិនក៏បានពិចារណាការវិនិយោគក្រោមរូបភាពជាដៃគូជាមួយរដ្ឋ ទៅតាមច្បាប់បទប្បញ្ញត្តិជាធរមានផងដែរ៕