ផ្អែកតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិ UNCTAD បានបង្ហាញឱ្យឃើញថា បើទោះបីជាសេដ្ឋកិច្ចពិភពលោកនៅមិនទាន់អាចសន្មត់ពីភាពប្រាកដប្រជាយ៉ាងណាក្ដី ប៉ុន្តែសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាននៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច និងភាពទាក់ទាញក្នុងការវិនិយោគពីបរទេស (FDI) គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងរយៈពេល៣ឆ្នាំជាប់គ្នាចុងក្រោយនេះ។
តាមរយៈប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់ដោយសារបញ្ហាជាច្រើន ប៉ុន្តែសម្រាប់បណ្តាប្រទេសអាស៊ាននៅតែមានភាពធន់ និងភាពទាក់ទាញវិនិយោគពីបរទេស។ អាស៊ាន (ASEAN) គឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ១០ ប្រទេសដែលមានប្រជាជនសរុបជាង ៦៧០ លាននាក់។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អាស៊ានត្រូវបានមើលឃើញពីការកើនឡើងយ៉ាងខ្លាំងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ។ ជាក់ស្ដែង នៅក្នុងឆ្នាំ ២០១៦ លំហូរចូលនៃ (FDI) ប្រចាំឆ្នាំជាមធ្យម ១៧០ ពាន់លានដុល្លារ ដែលកើនឡើងទ្វេរដងនៃតួលេខ ៩២ ពាន់លានដុល្លារចន្លោះឆ្នាំ ២០០៦ និង ២០១៥។ តួរលេខនេះបានកើនឡើងជាបន្តបន្ទាប់ដោយនៅចន្លោះឆ្នាំ ២០២១ និង ២០២៣ ការវិនិយោគបរទេសជាមធ្យមមានទឹកប្រាក់ចំនួន ២២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងនាមជាអ្នកទទួលបានការវិនិយោគផ្ទាល់ពីបរទេសដ៏កំពូលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ នៅឆ្នាំ ២០២៣ លំហូរ FDI ទៅកាន់អាស៊ានបានឈានដល់កម្រិតខ្ពស់បំផុតក្នុងទំហំ ២៣០ ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ចំណែករបស់អាស៊ានសម្រាប់ FDI សកលបានកើនឡើងដល់ ១៧ ភាគរយនៅឆ្នាំ ២០២៣ ដែលកើនឡើងពី ៦ ភាគរយជាមធ្យមចន្លោះឆ្នាំ ២០០៦ និង ២០១៥។
យោងតាមរបាយការណ៍ទាំងនេះ គេសន្មត់ថា អាស៊ានមានការអនុវត្តដ៏រឹងមាំចំពោះសមាហរណកម្មក្នុងតំបន់កាន់តែស៊ីជម្រៅ បរិយាកាសវិនិយោគប្រសើរឡើង ការពង្រីកឱកាស និងទទួលបានអារម្មណ៍វិជ្ជមានកាន់តែច្រើនក្នុងចំណោមអ្នកវិនិយោគ និងសមាគមធុរកិច្ច។ ទន្ទឹមនឹងនេះ អាស៊ានបានរៀបចំផែនការសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អបរិយាកាសគោលនយោបាយវិនិយោគនៅទូទាំងតំបន់រួមមាន ការអនុវត្តកិច្ចព្រមព្រៀងថ្នាក់តំបន់ ក្របខ័ណ្ឌដែលមានគោលបំណងបង្កើនសមាហរណកម្មសេដ្ឋកិច្ច និងជំរុញកំណើនក្នុងវិស័យយុទ្ធសាស្ត្រ។
លើសពីនេះ អាស៊ានកំពុងដើរតាមនិន្នាការកំពុងរីកចម្រើនដូចជា ការបង្កើនលំហូរហិរញ្ញវត្ថុទៅក្នុងថាមពលកកើតឡើងវិញ ការផលិត និងកំណើនវិនិយោគដ៏រឹងមាំពីប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា ចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ បន្ថែមពីនេះ អាស៊ានបានបង្កើនបណ្តាញផលិតកម្ម និងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងចំណោមក្រុមហ៊ុននានាក៏បានជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម ដែលជាលទ្ធផលជំរុញ FDI ផងដែរ។
ភ្ជាប់ទៅនឹងភាពល្អប្រសើររបស់អាស៊ានដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាពិសេសភាពទាក់ទាញវិនិយោគពីបរទេស ក៏៏ព្រោះអាស៊ានមានលក្ខណៈសម្បត្តិពិសេសជាច្រើន ដែលក្នុងនោះក្រៅពីកត្តាភូមិសាស្ត្រនយោបាយ ភាពប្រទាក់ក្រឡាគ្នានៃការអនុវត្តគោលការណ៍អាស៊ាន ចំនួនប្រជាជនសរុបច្រើនជាង៦៧០លាននាក់ , ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច ដូចជា ចិន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង ជាពិសេស ការផ្តល់ឱកាសវិនិយោគយ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហកម្មដូចជា កសិកម្ម ផលិតកម្ម បច្ចេកវិទ្យា និងសេវាកម្ម៕