កាលពីពេលថ្មីៗនេះ បច្ចេកវិទ្យាបង្កើនពន្លឺពពក ត្រូវបានធ្វើតេស្តជាលើកដំបូង ក្នុងបរិយាកាសខាងក្រៅ នៅសហរដ្ឋអាម៉េរិក។
ព្រឹកថ្ងៃទី 3 មេសា ឆ្នាំ 2024 ប្រព័ន្ធម៉ាស៊ីនបាញ់ភាគល្អិតអំបិល អមនឹងបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ទៀត ត្រូវបានដំឡើងលើនាវា Hornet។ ផ្សែងភាគល្អិតអំបិលក៏ត្រូវបានបាញ់ឡើងទៅក្នុងអាកាសជាលើកដំបូង។ ការសាកល្បងនេះនឹងបើកផ្លូវសម្រាប់បច្ចេកវិទ្យាមួយដ៏មានសក្ដានុពល ជួយកាត់បន្ថយស្ថានភាពកើនឡើងកម្ដៅនៅទូទាំងសកលលោក។
វិធីសាស្ត្រនេះជួយឱ្យពពកមានពន្លឺជាងធម្មតា និងចាំងប្លាតវិទ្យុសកម្មព្រះអាទិត្យឱ្យត្រលប់ទៅកាន់ទីអវកាសបានច្រើនជាងមុន ដែលនេះនឹងជួយឱ្យផែនដីបានត្រជាក់ជាងមុន។ នេះបើតាមសារព័ត៌មាន New York Times។
យោងតាម New York Times ក្រុមអ្នកវិទ្យាសាស្ត្រនឹងត្រូវចំណាយពេលច្រើនខែដើម្បីវិភាគ។ ក៏ប៉ុន្តែ លទ្ធផលនៃការវិភាគនឹងជួយឱ្យអ្នកវិទ្យាសាស្ត្រដឹងថា តើបច្ចេកទេសបង្កើនពន្លឺពពកលើមហាសមុទ្រ មានប្រសិទ្ធភាព ឬអត់។ Robert Wood ប្រធានក្រុមស្រាវជ្រាវអំពីសមុទ្រប្រចាំសាកលវិទ្យាល័យ Washington ឱ្យដឹងដូច្នេះ។
Robert Wood យល់ថា អ្នកវិទ្យាសាស្ត្រអាចនឹងត្រូវចំណាយពេលមួយទសវត្សរ៍បន្ថែមទៀត ដើម្បីសាកល្បងបច្ចេកវិទ្យានេះ មុននឹងប្រើប្រាស់បច្ចេកវិទ្យាបង្កើនពន្លឺពពកទ្រង់ទ្រាយធំជាផ្លូវការ ដើម្បីបញ្ចុះកម្ដៅផែនដី៕