មិនត្រឹមតែអ្នកជំនួញចិន ជប៉ុននោះទេ ប៉ុន្តែអ្នកទិញមកពីប្រទេសជាង 10 សុទ្ធតែចង់នាំចូលទំនិញដែលត្រូវបានគេចាត់ទុកថា ជា «សំណល់» នៅវៀតណាម។ នេះបើតាមការអួតអាងរបស់សារព័ត៌មានវៀតណាម។
ទំនិញដែលកំពុងនិយាយនេះ គឺជាគ្រាប់កម្ទេចឈើគាប។ យោងតាមសមាគមឈើ និងផលិតផលធ្វើពីឈើវៀតណាម (Viforest) ក្នុងឆ្នាំ 2023 ប្រទេសនេះបាននាំចេញ «សំណល់ឈើ» ដែលមានតម្លៃរហូតដល់ 2.9 ពាន់លានដុល្លារអាម៉េរិក។
ជាក់ស្ដែង ក្នុងឆ្នាំកន្លង វៀតណាមបាននាំចេញសំណល់ឈើជិត 14.42 លានតោន រកចំណូលបាន 2.22 ពាន់លានដុល្លារ ដែលប្រហែលនឹង 8.8% នៃការនាំចេញសរុបរបស់វិស័យឈើ។ ចំណែកគ្រាប់កម្ទេចឈើគាបវិញ វៀតណាមនាំចេញបាន 4.67 លានតោន រកចំណូលបានជិត 680 លានដុល្លារ ស្មើនឹង 5.2% នៃការនាំចេញសរុបរបស់វិស័យឈើ។
គ្រាប់កម្ទេចឈើគាបរបស់វៀតណាម ត្រូវបាននាំចេញទៅកាន់ទីផ្សារចំនួន 22 ក្នុងឆ្នាំកន្លង។ ក្នុងនោះ ជប៉ុន និងកូរ៉េខាងត្បូង គឺជាអតិថិជនធំជាងគេ។
សមាគម Viforest ឱ្យដឹងថា ការនាំចេញផលិតផលខាងលើរបស់វៀតណាម ក្នុងឆ្នាំកន្លង មានការថយចុះ។ ក៏ប៉ុន្តែ ដើមឆ្នាំ 2024 វិស័យនេះបានបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ។