អ្នកប្រើប្រាស់ Facebook និង Messenger មួយចំនួនមានការព្រួយបារម្ភខ្លាំងនៅពេលគណនីរបស់ពួកគេត្រូវចាកចេញ និងមិនអាចចូលប្រើវិញបាន ទាំងនៅលើ App ទាំងនៅលើវ៉ែប។
ម៉ោងប្រហែល 22 និង 30 នាទីយប់កន្លងទៅ Facebook និង Messenger របស់អ្នកប្រើប្រាស់ជាច្រើន ត្រូវបានធ្វើឱ្យចាកចេញដោយឯកឯង។ នៅពេលព្យាយាមចូលប្រើឡើងវិញ អ្នកខ្លះតែងតែទទួលបានសារដែលប្រាប់ថា «ទំព័រនេះមិនមាន តំណភ្ជាប់បានខូច ឬត្រូវបានលុប»។
បញ្ហាខាងលើបានធ្វើឱ្យអ្នកប្រើប្រាស់ភ័យស្លន់ស្លោ ព្រោះតែយល់ថា គណនី Facebook របស់ពួកគេ ត្រូវបានគេហែកចូលគ្រប់គ្រង។ «ក្រោយពីត្រូវខ្ទាតចេញពីគណនី និងមិនអាចប្រើវិញបាន ខ្ញុំគិតថា Facebook ពីរបីគណនីរបស់ខ្ញុំ ប្រាកដជាត្រូវគេលួចចូលប្រើហើយ» ផៃ ស្រីអ៊ីត អ្នកលេងបណ្ដាញសង្គមម្នាក់នៅភ្នំពេញ ឱ្យដឹងដូច្នេះ។ ស្រីអ៊ីត ក៏ប្រញាប់ចូលប្រើ App មួយចំនួនផ្សេងទៀតរបស់ Meta ដើម្បីស្វែងយល់ពីស្ថានភាពរបស់ ប៉ុន្តែ នៅតែមិនអាចប្រើបាន។
ក្រោយពីបញ្ហានេះកើតឡើងបានប៉ុន្មាននាទី អ្នកប្រើប្រាស់ជាច្រើនត្រូវបង្ខំចិត្តទូរស័ព្ទទៅកាន់មិត្តភ័ក្ដិ ដើម្បីសួរនាំ។ អ្នកខ្លះថា ប្រហែលជា Facebook មានបញ្ហា ឬកំពុងបន្ទាន់សម័យ ខណៈដែលអ្នកខ្លះថា ប្រហែលជា Facebook ត្រូវបានគេហែក និងប្រាប់ឱ្យឈប់ចុះឈ្មោះចូល ព្រោះលេខសម្ងាត់អាចនឹងត្រូវគេដឹង។
លើទំព័រ Downdetector ដែលជាឧបករណ៍តាមដានស្ថានភាពរបស់សេវាអ៊ីនធើណិត ទទួលបានរបាយការណ៍ស្ដីពីកំហុសពីអ្នកប្រើប្រាស់បណ្ដាញសង្គមនានារបស់ Meta នៅទូទាំងពិភពលោក កើនជិតដល់ 400,000 លើក រួមទាំង Facebook, Messenger, Instagram, Threads លើកលែងតែ WhatsApp។
នៅវេលាម៉ោង 1 ថ្ងៃទី 06 មីនា គណនីផ្លូវការរបស់ Facebook បានប្រកាសព័ត៌មាន ប៉ុន្តែមិនបានបកស្រាយអ្វីឱ្យបានច្បាស់លាស់។ «យើងបានត្រលប់មកវិញ។ ពិតជាសូមអភ័យទោសចំពោះអ្នកទាំងឡាយដែលមិនអាចចូលប្រើ Facebook នៅថ្ងៃ» គណនីខាងលើសរសេរដូច្នេះ។
Andy Stone ប្រធានផ្នែកសារព័ត៌មានប្រចាំក្រុមហ៊ុន Meta ឱ្យដឹងថា បញ្ហាកើតឡើងពី «កំហុសបច្ចេកទេសមួយ» ប៉ុន្តែមិនបានរៀបរាប់លម្អិត។
បញ្ហាដូចគ្នានេះរបស់ក្រុមហ៊ុន Meta ក៏ធ្លាប់បានកើតឡើងពីរលើកមកហើយ ក្នុងនោះមានម្ដងក្នុងឆ្នាំ 2019 និងម្ដងក្នុងឆ្នាំ 2021។