ការសម្ដែង និងច្រៀងរបស់តារាចម្រៀង Taylor Swift ត្រូវបានរំពឹងថា នឹងនាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជិត 400 លានដុល្លារអាម៉េរិក សម្រាប់សិង្ហបុរី នៅពេលសេវាកម្មជាច្រើនផ្ទុះការពេញនិយម។
នាថ្ងៃទី 04 មីនា រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី Edwin Tong បានថ្លែងចំពោះមុខសភាប្រទេសនេះថា សេដ្ឋកិច្ចនឹងទទួលផលធំពីការប្រគំតន្ត្រីរបស់តារាចម្រៀងស្រី Taylor Swift នៅទីនេះ។ «ខ្ញុំអាចធានាបានថា ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់សិង្ហបុរីគឺពិតជាធំណាស់ ហើយលើសពីទឹកប្រាក់ដែលបានចំណាយសម្រាប់ Taylor Swift មកសម្ដែងនៅទីនេះ» លោកថ្លែងដូច្នេះ។
លោករដ្ឋមន្ត្រីក៏មិនភ្លេចលើឡើងអំពីផលប្រយោជន៍ផ្ទាល់ផ្នែកសេដ្ឋកិច្ច ដែលរួមមាន ចំនួនភ្ញៀវទេសចរណ៍ ប្រាក់ចំណូលពីសំបុត្រយន្តហោះ សំបុត្រចូលទស្សនាការសម្ដែង កន្លែងស្នាក់នៅ ក៏ដូចជាប្រាក់ចំណូលដែលបានពីសេវាកម្សាន្ត ការទិញដូរទំនិញ និងការហូបចុកនៅសិង្ហបុរីជាដើម។ មន្ត្រីនៅធានាគារ Maybank ឱ្យដឹងថា ប្រមាណ 70% នៃភ្ញៀវដែលមកទស្សនាការសម្ដែងនេះគឺជាជនបរទេស។
កាលពីខែកន្លង Strait Times ចេញផ្សាយថា អ្នកសេដ្ឋកិច្ចប៉ាន់ស្មានថា ការប្រគំតន្ត្រីរបស់ Taylor Swift នាំមកនូវប្រាក់ចំណូលពី 350 ដល់ 500 លានដុល្លារសិង្ហបុរី (ពី 260 ដល់ 371.9 លានដុល្លារអាម៉េរិក) សម្រាប់សេដ្ឋកិច្ចសិង្ហបុរី។
តួលេខពីក្រុមហ៊ុនទិន្នន័យសណ្ឋាគារ Smith Travel Research ឱ្យដឹងថា បន្ទាប់ពី Swift បានប្រកាសកាលបរិច្ឆេទសម្ដែងភ្លាម ចំនួនភ្ញៀវដែលបានកក់បន្ទប់សណ្ឋាគារនានានៅសិង្ហបុរី ក្នុងខែមីនា 2024 បានកើន 10%។
លើទំព័រ CNBC ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និង Scoot ឱ្យដឹងថា តម្រូវការហោះហើរទៅកាន់សិង្ហបុរី ក្នុងខែមីនា កើនឡើងខ្ពស់ខ្លាំង ពិសេសអ្នកដំណើរពីតំបន់អាស៊ីអាគ្នេយ៍។ Jetstar Asia ក៏បង្ហើបឱ្យដឹងដែរថា តម្រូវការហោះហើរកើន 20% ចំពោះបណ្ដាជើងហោះហើរពីបាងកក ម៉ានីល និងហ្សាការតា ទៅកាន់សិង្ហបុរី។
ដំណើរសម្ដែងរបស់ Taylor swift នៅសិង្ហបុរី នឹងអូសបន្លាយពេល 6 ថ្ងៃ ចាប់ពីថ្ងៃទី 02 ដល់ទី 09 ខែមីនា ឆ្នាំ 2024។ សំបុត្រទាំង 300,000 សន្លឹកសម្រាប់ទស្សនាការសម្ដែង 6 យប់ ត្រូវបានលក់អស់គ្មានសល់។ តម្លៃសំបុត្រពិសេស (VIP) គឺជាង 900 ដុល្លារអាម៉េរិក។
Eras Tour របស់ Taylor បានចាប់ផ្ដើមពីខែមីនាឆ្នាំ 2023 ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ 2024 ក្នុងនោះមានការសម្ដែងចំនួន 151 យប់។ ក្នុងការសម្ដែងមួយយប់ មានទស្សនិកជនប្រហែល 72,000 នាក់ ដែលគ្រោងនឹងរកបានចំណូល 17 លានដុល្លារអាម៉េរិក៕