ធនាគារជាតិកាមេរូន និងរោងចក្រស្លកាក់ប្រាក់ប៉ូឡូញ Mennica Polska ថ្មីៗនេះបានអភិវឌ្ឍជោគជ័យនូវកាក់ UFO MP-1766 ដែលជាឧបករណ៍ហោះហើរស្របច្បាប់ដំបូងគេលើពិភពលោក។
យោងតាមទំព័រ Oddity Central (អង់គ្លេស) ឈ្មោះរបស់កាក់នេះត្រូវបានដាក់ទៅតាមលំនាំនៃថាសហោះ និងសមត្ថភាពវិលយឺតក្នុងអាកាសដូចទៅនឹងយានអវកាសរបស់មនុស្សពិភពផ្កាយ (UFO)។ ចំណែកលេខ 1766 គឺជាថ្ងៃបង្កើតនាយកដ្ឋានស្លកាក់ប្រាក់ប៉ូឡូញ ក៏ដូចជាតម្លៃរបស់កាក់ 1,766 ហ្វ្រង់កាមេរូន ដែលប្រហែលនឹង 2.91 ដុល្លារអាម៉េរិក។
កាក់ប្រាក់នេះអាចត្រូវបានប្រើប្រាស់ដោយស្របច្បាប់នៅប្រទេសកាមេរូន។ ជាងនេះ តម្លៃរបស់វាក៏ខ្ពស់ជាងបើធៀបនឹងតម្លៃផ្លូវការរបស់វា។ ដោយសារតែបរិមាណមានកំណត់ត្រឹមតែ 510 កាក់ នៅទូទាំងសកលលោក មួយកាក់ UFO MP-1766 មានតម្លៃជាង 1,000 ដុល្លារអាម៉េរិក នៅពេលកក់មុន។
Mennica Polska មិនទាន់បង្ហើបឱ្យដឹងព័ត៌មានលម្អិតអំពីបច្ចេកវិទ្យានៅពីក្រោយ UFO MP-1766 ប៉ុន្តែបើតាមព័ត៌មានដែលបានលេចធ្លាយ កាក់នេះត្រូវបានបំពាក់កូនម៉ាស៊ីនមួយគ្រឿងនៅខាងក្នុង និងត្រូវបញ្ឆេះដោយកម្លាំងម៉ាញ៉េទិចដែលបង្កើតឡើងរវាងកាក់ និងរចនាសម្ព័ន្ធពិសេសដែលអមជាមួយ។ ប្រការនេះអនុញ្ញាតឱ្យកាក់ UFO MP-1766 អាចបណ្ដែតខ្លួន និងវិលដូចទៅនឹងថាសហោះ (UFO)។
ក្រៅពីនេះ UFO MP-1766 ក៏ត្រូវបានបំពាក់សមាសធាតុដែលបញ្ចេញពន្លឺក្នុងទីងងឹត ធ្វើឱ្យវាកាន់តែមានភាពទាក់ទាញ៕