របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ចំណូលដែលប្រមូលបានក្នុងឆ្នាំ2023 បើគិតជាប្រាក់ដុល្លារអាម៉េរិក គឺស្មើនឹងប្រមាណ 2,288.27 លានដុល្លារ ថយចុះប្រមាណ 15.7% បើធៀបនឹងចំណូលសរុបក្នុងឆ្នាំ 2022។
យោងតាមរបាយការណ៍ដដែល លទ្ធផលខាងលើនេះសម្រេចបាន 82.4% នៃផែនការដែលបានកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023។
បើគិតតាមប្រភេទពន្ធនិងអាករវិញ ឃើញថា អាករលើតម្លៃបន្ថែម (VAT) រួមចំណែក 41.2%, អាករពិសេស (Special tax) រួមចំណែក 30.3%, ពន្ធគយរួមចំណែក 21%, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈរួមចំណែក 4.3% និងអាករនាំចេញនិងកម្រៃផ្សេងៗ រួមចំណែក 1.8% នៃចំណូលសរុប។
សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដកស្រង់របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចំណូលតាមក្រុមទំនិញវិញ ឃើញថា ក្រុមទំនិញចម្រុះមាន 35.3%, យានយន្តនិងគ្រឿងចក្ររួមចំណែក 31.1%, ប្រេងឥន្ធនៈនិងថាមពលរួមចំណែក 26.6% និងសម្ភារសំណង់និងកម្រៃផ្សេងៗ រួមចំណែក 7% នៃចំណូលសរុប៕