(ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានអនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការរៀបចំសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចកម្ពុជា-ជប៉ុន គឺជាការត្រៀមខ្លួនដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ឱ្យបានច្រើនជាងបច្ចុប្បន្ន៕