ប្រទេសចិនមានផែនការបាញ់បញ្ជូនផ្កាយរណបពិសោធន៍ចំនួនពីរគ្រឿងទៅកាន់គន្លងតារាវិថីព្រះចន្ទ ដើម្បីបង្កើតបណ្ដាញទំនាក់ទំនងរវាងឋានរណបនេះ និងផែនដី។ នេះបើតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃទី 04 កុម្ភៈ។
សេចក្ដីប្រកាសកាលពីថ្ងៃទី 03 កុម្ភៈ របស់បន្ទប់ពិសោធន៍ស្រាវជ្រាវអវកាសជ្រៅរបស់ប្រទេសចិន បានឱ្យដឹងថា ផ្កាយរណបដូចគ្នាចំនួនពីរគ្រឿង ដែលមានទម្ងន់ 61 និង 15 គីឡូក្រាម នឹងហោះក្នុងគន្លងតារាវិធីព្រះចន្ទ។
ផ្កាយរណបទាំងនេះនឹងធ្វើការពិសោធ វាយតម្លៃលើលទ្ធភាពនៃការប្រើប្រាស់ និងប្រសិទ្ធភាពរបស់បច្ចេកវិទ្យាថ្មីនានា មានដូចជា បច្ចេកវិទ្យាបញ្ជូនរលកសញ្ញា និងបច្ចេកវិទ្យាវាស់វែងដែលមានសុក្រឹតភាពកម្រិតខ្ពស់ជាដើម។
ប្រទេសចិនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបទាំងពីរគ្រឿងខាងលើនៅពាក់កណ្ដាលដើមឆ្នាំ 2024 ជាមួយនឹងផ្កាយរណបអន្តរកម្ម Queqiao-2។ Queqiao-2 នឹងផ្ដល់សេវាទំនាក់ទំនងសម្រាប់បេសកកម្មព្រះចន្ទ Chang’e 4, 6, 7 និង 8 របស់ចិន។
បច្ចុប្បន្ន ប្រទេសចិនកំពុងជំរុញកម្មវិធីស្រាវជ្រាវព្រះចន្ទ ក្នុងនោះ ប្រទេសនេះក៏មានផែនការនាំមនុស្សឡើងទៅកាន់ភពរណបនេះនៅមុនឆ្នាំ 2030 ផងដែរ៕