យានចុះចតលើឋានព្រះចន្ទ SLIM របស់ប្រទេសជប៉ុន ដំណើរការឡើងវិញ និងបានថតរូបភាពថ្មមួយផ្ទាំងដែលស្ថិតនៅក្បែរនោះ កាលពីថ្ងៃទី 28 មករា 2024។
ក្រោយពីបានចុះចតលើឋានព្រះចន្ទកាលពីថ្ងៃទី 20 មករា 2024 អង្គការស្រាវជ្រាវអវកាសជប៉ុន (JAXA) ប្រកាសថា SLIM មានបញ្ហាប្រព័ន្ធសូឡា នាំឱ្យយានចុះចតរបស់ពួកគេមិនអាចផលិតអគ្គិសនី។ ក៏ប៉ុន្តែ JAXA បានភ្ជាប់ទំនាក់ទំនងជាមួយ SLIM ដោយជោគជ័យ និងបើកដំណើរការយាននេះឡើងវិញ។ នេះបើតាមប្រកាសរបស់ JAXA នាថ្ងៃនេះ។ JAXA ក៏បានចែករំលែករូបថតមួយសន្លឹកដែលបង្ហាញពីថ្មមួយផ្ទាំងនៅក្បែរយាន SLIM ផងដែរ។
យានអវកាស SLIM ឬហៅថា Moon Sniper បានចុះចតលើឋានព្រះចន្ទដោយជោគជ័យកាលពីវេលាម៉ោង 22 និង 20 នាទី ថ្ងៃទី 19 មករា 2024 ជួយឱ្យជប៉ុនក្លាយជាប្រទេសទីប្រាំដែលមានយានធ្វើសកម្មភាពនៅលើទីឋានរណបធម្មជាតិរបស់ផែនដី បន្ទាប់ពី សហរដ្ឋអាម៉េរិក សូវៀត ចិន និងឥណ្ឌា។
បច្ចុប្បន្ន ការបញ្ជូនយានទៅចុះចតលើឋានព្រះចន្ទ កំពុងក្លាយជារឿងប្រកួតប្រជែងមួយលើពិភពលោក។ ប្រទេសរុស្ស៊ី កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម ក៏កំពុងរកវិធីបញ្ជូនយានទៅចុះចតលើឋានព្រះចន្ទ។ ក្នុងខែមករានេះ យានចុះចតលើឋានព្រះចន្ទ Peregrine របស់ក្រុមហ៊ុនអាម៉េរិក Astrobotic ជួបបញ្ហាលេចធ្លាយឥន្ធនៈ បន្ទាប់ពីបានហោះឡើង នាំឱ្យបេសកកម្មរបស់វាត្រូវបរាជ័យ។ ចំណែក NASA វិញក៏បានពន្យារពេលចំពោះគម្រោងនាំមនុស្សឡើងទៅជាន់ដីព្រះចន្ទនៅក្នុងកម្មវិធី Artemis ផងដែរ៕