ប្រទេសថៃបានរកឃើញរ៉ែលីចូម (lithium) ជិត 15 លានតោន ដែលអាចរួមចំណែកជួយឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់។
កាលពីថ្ងៃទី 19 មករា 2024 អ្នកនាំពាក្យរងរបស់រាជរដ្ឋាភិបាលថៃ Rudklao Inttawong Suwankiri បានប្រាប់សារព័ត៌មាន The Nation ថា អាជ្ញាធរប្រទេសនេះបានរកឃើញរ៉ែលីចូមប្រមាណ 14.8 លានតោន នៅក្នុងខេត្ត Phang Nga។
«… នោះគឺជាដំណឹងល្អ។ នេះជាឱកាសដើម្បីឱ្យថៃមានម្ចាស់ការក្នុងការផលិតថ្មផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនី» លោកស្រី Rudklao ប្រាប់ The Nation ដូច្នេះ។
ការរកឃើញនេះនាំឱ្យថៃក្លាយជាប្រទេសដែលមានរ៉ែលីចូមច្រើនជាងគេលំដាប់ទីបីលើពិភពលោក បន្ទាប់ពីបូលីវី និងអាហ្សង់ទីន។ ក៏ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា ថៃនឹងអាចទាញយករ៉ែលីចូមបានប៉ុន្មានលានតោនសម្រាប់ធ្វើពាណិជ្ជកម្មនៅឡើយ៕