GWM បានអភិវឌ្ឍរោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ និងមានផែនការចាប់ផ្ដើមលក់រថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសនេះ ចាប់ពីខែនេះតទៅ។
ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motor (GWM) កំពុងពង្រីកសកម្មភាពជំនួញផ្នែករថយន្តអគ្គិសនីរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដោយការចាប់ផ្ដើមផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ។ រោងចក្រ Rayong របស់ GWM នៅប្រទេសថៃ នឹងផលិតរថយន្តអគ្គិសនី Ora Good Cat EV 8,000 គ្រឿង ដើម្បីចូលរួមទទួលផលប្រយោជន៍ពីកញ្ចប់ជំរុញ EV ដំណាក់កាលទីពីររបស់រាជរដ្ឋាភិបាលថៃ។
តម្លៃរថយន្តអគ្គិសនីនៅប្រទេសថៃ នឹងទាបជាង 100,000 បាត បើធៀបនឹងរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ដែលនេះនឹងនាំមកនូវអត្ថប្រយោជន៍ដល់ការប្រកួតប្រជែងសម្រាប់ GWM នៅលើទីផ្សារ។
បណ្ដាញផលិតរថយន្តអគ្គិសនី GWM Ora Good Cat ថ្មីនេះ ត្រូវបានសម្ពោធបើកដំណើរការកាលពីថ្ងៃទី 12 មករា 2024 នៅឯរោងចក្រ GWM ក្នុងតំបន់សេដ្ឋកិច្ច Eastern Seaboard នៅខេត្ត Rayong។
GWM បានវិនិយោគ 22 ពាន់លានបាតទៅក្នុងទីតាំងផលិតរថយន្តអគ្គិសនី និងអភិវឌ្ឍថាមពលកកើតឡើងវិញ។ ក្រុមហ៊ុននេះបានដាក់គោលដៅផលិតរថយន្តអគ្គិសនីឱ្យបាន 80,000 គ្រឿងក្នុងមួយឆ្នាំ បូករួមទាំង Ora Good Cat ផងដែរ។
រាជរដ្ឋាភិបាលថៃ បានកំណត់គោលដៅជំរុញទីផ្សាររថយន្តអគ្គិសនីឱ្យសម្រេចបាន 30% នៃវិស័យផលិតរថយន្តក្នុងស្រុកនៅឆ្នាំ 2030។ គោលនយោបាយដែលគាំទ្រដល់គោលដៅនេះ កំពុងតែទាក់ទាញក្រុមអ្នកផលិតរថយន្តចិន ក្នុងនោះ ក្រៅពី GWM នេះ ក៏នៅមាន SAIC Motor និង BYD ជាដើមផងដែរ៕