របាយការណ៍ថ្មីបំផុតរបស់ Oxfam International បានឱ្យដឹងថា មនុស្សប្រមាណ 5 ពាន់លាននាក់នៅលើពិភពលោកកំពុងតែក្រទៅៗ ស្របពេលដែលកំពូលមហាសេដ្ឋី 5 រូប បែរជាមានជាងមុនទ្វេដងក្នុងរង្វង់ 3 ឆ្នាំចុងក្រោយនេះ។
អង្គការមនុស្សធម៌ Oxfam International ដែលជាសម្ព័ន្ធអន្តរជាតិមានអង្គការចំនួន 21 ជាសមាជិក និងធ្វើសកម្មភាពនៅក្នុងប្រទេសជាង 80 កាលពីថ្ងៃទី 14 មករា 2024 បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំស្ដីពីគម្លាតរវាងអ្នកមាន និងអ្នកក្រ។ របាយការណ៍នេះបង្ហាញថា ចាប់ពីឆ្នាំ 2020 ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋី 5 រូបរបស់ពិភពលោក បានកើន 114% ឡើងដល់ 869 ពាន់លានដុល្លារអាម៉េរិក។
បុគ្គលទាំង 5 រូបខាងលើនេះ រួមមាន នាយកប្រតិបត្តិ Tesla លោក Elon Musk, ម្ចាស់ LVMH លោក Bernard Arnault, លោក Jeff Bezos ស្ថាបនិករបស់ Amazon, សហស្ថាបនិករបស់ Oracle លោក Larry Ellison និងមហាសេដ្ឋី Warren Buffett។
Oxfam យល់ថា បើសិនទំនោរនេះចេះតែបន្ត ពិភពលោកអាចនឹងមានមនុស្សដែលមានទ្រព្យសម្បត្តិខ្ទង់លានលាន (ទ្រីលាន) ដុល្លារអាម៉េរិកដំបូងគេ នៅក្នុងមួយទសវត្សរ៍ទៀត។
ចំណែកមនុស្សជិត 5 ពាន់លាននាក់នៅលើពិភពលោកបែរជាក្រទៅៗ ដោយសារអតិផរណា សង្គ្រាម និងការប្រែប្រួលអាកាសធាតុ។ ជាមួយនឹងល្បឿនដូចបច្ចុប្បន្ន ពិភពលោកនឹងត្រូវការពេលវេលាជិត 230 ឆ្នាំទៀត ទើបអាចលុបបំបាត់អស់ភាពក្រីក្រ។ យោងតាម Oxfam ពលករពិភពលោកជិត 800 លាននាក់ ទទួលបានប្រាក់ខែក្នុងអំឡុងពីរឆ្នាំកន្លង «មិនអាចតាមទាន់អតិផរណា»។
របាយការណ៍របស់ Oxfam ត្រូវបានធ្វើឡើងដោយយោងទៅតាមអង្គការពលកម្មអន្តរជាតិ (ILO), ធនាគារពិភពលោក (WB), Wealth-X និង Forbes។ ពួកគេឱ្យដឹងថា មនុស្ស 1% ដែលមានបំផុតនៅលើពិភពលោក បច្ចុប្បន្នក្ដោបក្ដាប់ 43% នៃហិរញ្ញវត្ថុទូទាំងសកលលោក។ នៅសហរដ្ឋអាម៉េរិក អត្រានេះគឺ 32% ខណៈនៅអឺរ៉ុបគឺ 47% និងអាស៊ីគឺ 50%៕