ព្រលានយន្តហោះ Nongkhang នៅក្នុងខេត្ត Huaphan ត្រូវបានកំណត់គោលដៅអភិវឌ្ឍទៅជាអាកាសយានដ្ឋានអន្តរជាតិ ដើម្បីទាក់ទាញទេសចរបរទេស ក៏ជាគាំទ្រដល់ក្រុមហ៊ុនទាំងឡាយដែលចង់មកវិនិយោគនៅខេត្តនេះ។
អភិបាលខេត្ត Huaphan លោក Khampheng Saysompheng ថ្មីៗនេះបានចែករំលែកអំពីការលើកសំណើស្ដីពីការកែប្រែព្រលានយន្តហោះ Nongkhang នៅក្នុងកិច្ចប្រជុំទូលាយរបស់រដ្ឋាភិបាល ដែលធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍កាលពីចុងឆ្នាំ 2023។
លោក Khampheng ឱ្យដឹងថា រដ្ឋាភិបាលបានយល់ព្រមជាមួយនឹងសំណើរបស់អាជ្ញាធរខេត្ត Huaphan។ លោកជឿជាក់ថា ការពង្រីកព្រលានយន្តហោះដើម្បីឆ្លើយតបនឹងជើងហោះហើរអន្តរជាតិ នឹងនាំមកនូវផលប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចរបស់ខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិ។
បច្ចុប្បន្ន ការអភិវឌ្ឍនៅខេត្ត Huaphan នៅមានកម្រិត ដោយសារតែការធ្វើចរាចរណ៍លើផ្លូវគោកមានការលំបាក ខណៈដែលព្រលានយន្តហោះអាចទទួលបានតែជើងហោះហើរក្នុងស្រុក។
ទន្ទឹមនឹងការពង្រីកអាកាសយានដ្ឋាន អាជ្ញាធរខេត្តខាងលើក៏នឹងបង្កើនការគាំទ្រដល់វិស័យឯកជនដែលមានបំណងរកស៊ីក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារនៅក្នុងខេត្តនេះផងដែរ។
អាកាសយានដ្ឋាន Nongkhang អាចទទួលភ្ញៀវបាន 100,000 នាក់ជារៀងរាល់ឆ្នាំ ដែលភាគច្រើនធ្វើដំណើរតាមយន្តហោះខ្នាតតូច ATR72 និង MA-60 ដែលមានពី 70 ទៅ 100 កៅអី។ បច្ចុប្បន្ន Lao Airlines និង Lao Skyway កំពុងផ្ដល់សេវាកម្មដឹកជញ្ជូនទៅមករវាងអាកាសយានដ្ឋាន Vientiane និង Nongkhang៕