ក្នុងឆ្នាំ 2023 ក្រុមប្រឹក្សាអភិវឌន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន 268 ក្នុងនោះមានគម្រោងវិនិយោគថ្មីចំនួន 247 និងគម្រោងពង្រីកផលិតកម្មចំនួន 21 ដែលមានទុនសរុបប្រមាណជិត 4.9 ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ 307,000 កន្លែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC ចុះផ្សាយនាថ្ងៃទី 03 មករា 2024។
យោងតាម CDC ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានរួមចំណែករហូតដល់ 92% នៃចំនួនគម្រោងវិនិយោគសរុប គ្រាដែលទុនវិនិយោគបានមកពីវិស័យនេះរួមចំណែកប្រមាណ 46%។ ចំណែកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ដែលមានតែ 2.6% នៃចំនួនគម្រោងវិនិយោគសរុប បានរួមចំណែកប្រមាណ 44% នៃទុនវិនិយោគសរុប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងថា ការហូរចូលនៃទុនវិនិយោគឯកជននៅក្នុងឆ្នាំ 2023 មានការកើនឡើងក្នុងរង្វង់ប្រមាណ 22% បើធៀបនឹងឆ្នាំ 2022។
CDC បានបញ្ជាក់ថា រំហូរទុនវិនិយោគក្នុងឆ្នាំកន្លង ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក។ ក្នុងនោះ ប្រភពទុនពីចិនរួមមានរហូតដល់ 66% ខណៈក្នុងស្រុករួមចំណែក 24%។ គម្រោងវិនិយោគទាំងនេះ ភាគច្រើនមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ខណៈមួយចំនួនស្ថិតនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនៅជុំវិញរាជធានី មានដូចជា ខេត្តកណ្ដាល និងខេត្តតាកែវ ហើយខ្លះទៀតក៏ស្ថិតនៅក្នុងបណ្ដាខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕