Francoise Bettencourt Meyers ដែលជាស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក ទើបតែបានក្លាយជាស្ត្រីដំបូងគេបង្អស់ដែលមានទ្រព្យ 100 ពាន់លានដុល្លារអាម៉េរិក។
យោងតាមបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋី Bloomberg Billionaire’s Index គិតត្រឹមថ្ងៃទី 28 ធ្នូ 2023 អ្នកស្រី Francoise Bettencourt Meyers ដែលជាអ្នកស្នងមរតកក្រុមហ៊ុន L’Oreal បានក្លាយជាមហាសេដ្ឋិនីដំបូងគេលើពិភពលោក ដែលមានទ្រព្យ 100 ពាន់លានដុល្លារអាម៉េរិក។
បច្ចុប្បន្ន អ្នកស្រីគឺជាអ្នកមានជាងគេលំដាប់ទី 12 លើពិភពលោក និងនៅពីលើមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ទៀតផង។ ចាប់ពីដើមឆ្នាំ ទ្រព្យសម្បត្តិរបស់អ្នកស្រីបានកើនបន្ថែម 28.6 ពាន់លានដុល្លារ ដោយសារតែភាគហ៊ុន L’Oreal កើនឡើង 35%។
ចំណែកបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីរបស់ Forbes ក៏បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់អ្នកស្រី Bettencourt Meyers កើនជិតដល់ 100 ពាន់លានដុល្លារ ពោលគឺ 99.6 ពាន់លានដុល្លារអាម៉េរិក។
L’Oreal Group គឺជាក្រុមហ៊ុនផលិតគ្រឿងសម្អាងធំបំផុតលើពិភពលោក ដោយមានយីហោជាច្រើន មានដូចជា Lancome និង Maybelline ជាដើម។ កាលពីឆ្នាំ 2022 ក្រុមហ៊ុននេះរកបានប្រាក់ចំណូលជាង 38 ពាន់លានអឺរ៉ូ ដែលស្មើនឹង 42 ពាន់លានដុល្លារអាម៉េរិក៕