នេះជាលើកដំបូងហើយដែល ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា-NASA) បញ្ជូនវីដេអូដែលមានភាពច្បាស់ខ្ពស់ ពីទីអវកាសដ៏ឆ្ងាយ មកកាន់ផែនដី ដោយប្រើប្រាស់ពន្លឺឡាស៊ែរ នៅក្នុងការពិសោធនៅលើយាន Psyche។
កាលពីថ្ងៃទី 11 ធ្នូ 2023 កម្មវិធីពិសោធផ្នែកទំនាក់ទំនងដោយពន្លឺក្នុងអវកាសឆ្ងាយ (DSOC) នៃបន្ទប់ពិសោធន៍កម្លាំងរុញច្រានល្បឿនលឿន (JPL) របស់ណាសា បានបញ្ជូនវីដេអូដែលមានភាពច្បាស់កម្រិតខ្ពស់ខ្លាំង ស្ដីពីសត្វឆ្មាមួយក្បាលដែលមានឈ្មោះថា Taters កំពុងដេញតាមព្រួញពន្លឺឡាស៊ែរ ពីចម្ងាយប្រហែល 31 លានគីឡូម៉ែត្រ។ ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅលើយានអវកាស Psyche របស់ណាសា ដែលបច្ចុប្បន្នកំពុងហោះហើរទៅកាន់ 16 Psyche ដែលជាអាចម៍ផ្កាយលោហធាតុស្ថិតក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយចម្បងគេ នៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ ក្រោយពីត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុក្កែត Falcon Heavy របស់ SpaceX កាលពីថ្ងៃទី 13 តុលា។
«ការបង្កើនកម្រិតបញ្ជូនគឺជារឿងចាំបាច់ដើម្បីសម្រេចបានគោលដៅវិទ្យាសាស្ត្រ និងការស្រាវជ្រាវក្នុងអនាគត។ យើងឆ្ពោះទៅកាន់ជោគជ័យនៃបច្ចេកវិទ្យាគន្លឹះនេះ ហើយផ្លាស់ប្ដូរវិធីទាក់ទងនៅក្នុងបេសកកម្មអន្តរភព» Pam Melroy អនុប្រធានរបស់ណាសា ឱ្យដឹងដូច្នេះ។
វីដេអូស្ដីពី Taters ត្រូវបានបញ្ជូនដោយឧបករណ៍ថ្មីដែលអភិវឌ្ឍដោយ JPL និងត្រូវបានហៅថា ប្រព័ន្ធបញ្ជូន និងទទួលឡាស៊ែរក្នុងជើងហោះហើរ។ ឧបករណ៍នេះបញ្ជូនពន្លឺឡាស៊ែរក្បែរអ៊ីហ្វ្រារ៉េដ ទៅកាន់តេឡេស្កុប Hale នៅឯស្ថានីយ Palomar របស់វិទ្យាស្ថានបច្ចេកវិទ្យា California។ រលកសញ្ញានេះចំណាយពេល 101 វិនាទី ដើម្បីធ្វើដំណើរមកដល់ផែនដី ក្នុងល្បឿន 267 មេហ្គាប៊ិត/វិនាទី (Mbps)។
Ryan Rogalin អ្នកវិទ្យាសាស្ត្រដែលទទួលខុសត្រូវលើឧបករណ៍អេឡិចត្រូនិចទទួលរលកសញ្ញារបស់គម្រោងនេះ និយាយថា «បើទោះបញ្ជូនពីចម្ងាយរាប់សិបលានគីឡូម៉ែត្រ ប្រព័ន្ធនេះនៅតែអាចបញ្ជូនវីដេអូបានលឿនជាងអ៊ីនធើណិតស្ទើរតែទាំងអស់នៅលើផែនដី»។
ប្រព័ន្ធបញ្ជូន និងទទួលឡាស៊ែរក្នុងជើងហោះហើរ បានធ្វើការពិសោធដំបូងកាលពីខែវិច្ឆិកា ដោយការបញ្ជូនរលកសញ្ញាមកកាន់ផែនដី ពីចម្ងាយ 16 លានគីឡូម៉ែត្រ។
យានអវកាស Psyche នឹងហោះកាត់ភពអង្គារនៅក្នុងឆ្នាំ 2026 និងថតរូបរបស់ភពក្រហមនេះ មុននឹងហោះឆ្ពោះទៅកាន់គោលដៅចុងក្រោយ គឺ អាចម៍ផ្កាយ 16 Psyche ដែលគ្រោងនឹងទៅដល់នៅក្នុងឆ្នាំ 2029៕