គម្រោងវិនិយោគចំនួន 21 គម្រោង និងមានទុនវិនិយោគសរុបប្រមាណជិត 619 លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ 2023។ នេះបើតាម ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ចុះផ្សាយកាលពីថ្ងៃទី 08 ធ្នូកន្លងទៅ។
CDC ឱ្យដឹងថា ក្នុងចំណោមគម្រោងទាំង 21 ដែលអាចបង្កើតការងារបានជិត 22 ពាន់កន្លែងនេះ មានគម្រោងមួយចំនួនដែលលេចធ្លោជាងគេ រួមមាន គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្ដាល អានុភាព 70 មេហ្កាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង, គម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព 100 មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង, គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដោយថាមពលព្រះអាទិត្យ អានុភាព 60 មេហ្កាវ៉ាត់ នៅស្រុករំដួល ខេត្តស្វាយរៀង និងគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាម CDC នៅក្នុងខែវិច្ឆិកា ឆ្នាំនេះ កម្ពុជាទទួលបានទុនវិនិយោគក្នុងស្រុកចំនួន 82.90% ក្នុងចំណោមទុនវិនិយោគសរុប ស្របពេលដែលទុនវិនិយោគពីប្រទេសចិន មានប្រមាណ 17.10%៕