ក្នុងសប្ដាហ៍កន្លង ស្របពេលដែលតម្លៃអង្ករក្នុងទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិច ឥណ្ឌូណេស៊ីក៏បានប្រកាសអំពីការដេញថ្លៃសម្រាប់ការផ្គត់ផ្គង់អង្ករ 543,000 តោន។
កាលពីដើមខែនេះ តម្លៃអង្ករនៃបណ្ដាប្រទេសនាំចេញ បានថយចុះបន្តិច ក្នុងនោះ សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា អង្ករប្រភេទសម្រាប់នាំចេញរបស់ប្រទេសនេះបានធ្លាក់ថ្លៃ 9 ដុល្លារ ចុះមកនៅត្រឹម 631 ដុល្លារអាម៉េរិកក្នុងមួយតោន។ ចំណែកសមាគមស្បៀងអាហារវៀតណាម (VFA) វិញ ក៏បានប្រកាសថា អង្ករសម្រូប 5% របស់ប្រទេសនេះ ធ្លាក់ថ្លៃ 5 ដុល្លារ/តោន ចុះមកនៅត្រឹម 658 ដុល្លារ/តោន។
ក្នុងពេលអង្ករកំពុងធ្លាក់ថ្លៃ ទំព័រ SSRicenews ឱ្យដឹងថា ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូណេស៊ី (Bulog) ក៏បានផ្ញើសេចក្ដីប្រកាស អញ្ជើញបណ្ដាក្រុមហ៊ុននាំចេញអង្ករ មកចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់អង្ករឱ្យប្រទេសនេះរហូតដល់ 543,000 តោន។ ផលិតផលដែលឥណ្ឌូណេស៊ីត្រូវការគឺអង្ករគ្រាប់វែងប្រភេទសម្រូប 5%។ ប្រភពផ្គត់ផ្គង់អង្ករសម្រាប់ទីផ្សារឥណ្ឌូណេស៊ីលើកនេះ រួមមាន ថៃ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។ ការផ្គត់ផ្គង់អង្ករ 543,000 តោននេះ នឹងបញ្ចប់នៅត្រឹមថ្ងៃទី 30 ខែមករា ឆ្នាំ 2024។
យោងតាម Bulog គិតមកដល់ថ្ងៃទី 26 វិច្ឆិកា ឥណ្ឌូណេស៊ី បាននាំចូលអង្ករសរុប 3.3 លានតោន នៅក្នុងផែនការនាំចូលអង្ករ 3.8 លានតោនសម្រាប់ឆ្នាំ 2023៕