រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំកែប្រែតំបន់ រុនតាឯក ឱ្យក្លាយជា ទីក្រុងរណបរុនតាឯក ដែលបង្កើតការងារជូនពលរដ្ឋនៅនឹងកន្លែង នៅពេលតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។
ព័ត៌មាននេះត្រូវបាន សម្តេចធិបតីហ៊ុន ម៉ាណែត លើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិរុនតាឯក កាលពីថ្ងៃទី 8 ធ្នូ 2023 នៅខេត្តសៀមរាប។
ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯក ហើយថា តំបន់នេះនឹងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍ។
តំបន់អភិវឌ្ឍ រុនតាឯក (ភូមិធម្មជាតិរុនតាឯក) ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តំបន់នេះមានចម្ងាយប្រហែល 5គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា បត់ឆ្វេងប្រហែល 4.5 គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ 67 ហើយពេលទៅដល់ផ្លូវបែកជាបួន បត់ស្តាំតាមផ្លូវលេខ 810 ប្រហែល 9 គីឡូម៉ែត្រ រួចបត់ស្តាំប្រហែល 3 គីឡូម៉ែត្រ ទើបបត់ឆ្វេងប្រហែល 300 ម៉ែត្រ រួចបត់ស្តាំប្រហែល 450 ម៉ែត្រ ហើយបត់ឆ្វេងប្រហែល 2គីឡូម៉ែត្រទៀត យើងនឹងទៅដល់ភូមិធម្មជាតិរុនតាឯក៕