តម្លៃទំនិញឆ្លងកាត់កំពង់ផែស្ងួត សុវណ្ណខេត្ត ក្នុងឆ្នាំ 2022 សម្រេចបានជាង 5.9 ពាន់លានដុល្លារអាម៉េរិក ខណៈដែល 10 ខែដំបូងនៃឆ្នាំនេះ សម្រេចបានជិត 5.6 ពាន់លានដុល្លារ។
ព័ត៌មានខាងលើនេះត្រូវបានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម ពាណិជ្ជកម្មឡាវ Malaythong Kommasith នៅតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណខេត្ត C – Savan Park និងកំពង់ផែនស្ងួតសុវណ្ណខេត្ត។
នៅក្នុងជំនួបជាមួយនឹងប្រតិភូរដ្ឋមន្ត្រី នៃក្រសួងឧស្សាកម្ម ពាណិជ្ជកម្មឡាវ លោក Tee Chee Seng ដែលជាអ្នកគ្រប់គ្រង Savan Park បានរាយការណ៍ថា តំបន់សេដ្ឋកិច្ចពិសេសសុវណ្ណខេត្ត (Savan Park SEZ Zone C) កំពុងផ្ដល់សេវាកម្មដឹកជញ្ជូនគ្រប់ប្រភេទ។
តំបន់សេដ្ឋកិច្ចពិសេសសុវណ្ណខេត្ត ស្ថិតនៅទីតាំងយុទ្ធសាស្ត្រនៃច្រករបៀងសេដ្ឋកិច្ចបស្ចិម-បូព៌ា (EWEC)។ EWEC ជាច្រករបៀងដែលឆ្លងកាត់ខេត្តសុវណ្ណខេត្តរបស់ឡាវ និងប្រទេសថៃ ហើយបញ្ចប់នៅ Mawlamyine នៃប្រទេសមីយ៉ាន់ម៉ា ដែលតភ្ជាប់ទៅនឹងសមុទ្រ Andaman និងសមុទ្រចិនខាងត្បូង។
យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពកាលពីខែវិច្ឆិកា 2023 តម្លៃសរុបនៃការនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេស Savan Park SEZ Zone C ក្នុងឆ្នាំ 2023 សម្រេចបានជាង 140 លានដុល្លារអាម៉េរិក ខណៈតម្លៃនៃការនាំចេញគឺជាង 160 លានដុល្លារ។ ក្នុងឆ្នាំ 2022 តម្លៃសរុបនៃការនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសដែលផ្ដល់ជំនួយដោយអង្គការជប៉ុន JICA នេះ គឺជាង 207 លានដុល្លារ។
តម្លៃទំនិញឆ្លងកាត់កំពង់ផែស្ងួត Savannakhet ក្នុងឆ្នាំ 2022 សម្រេចបានជាង 5,929,965,000 ដុល្លារអាម៉េរិក ខណៈដែល 10 ខែដំបូងនៃឆ្នាំ 2023 សម្រេចបានជាង 5,595,773,000 ដុល្លារអាម៉េរិក៕