កម្ពុជា មានគម្រោងខ្ចីលុយ 1,700 លាន SDR (Special Drawing Rights) របស់ IMF ដែលស្មើនឹងជាង 2.2 ពាន់លានដុល្លារអាម៉េរិក ឬប្រមាណជិត 9,3 ទ្រីលានរៀល ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួននៅក្នុងឆ្នាំ 2024។
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ចីខាងលើនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍ វិស័យថាមពលចំនួនមួយគម្រោង, វិស័យធារាសាស្ត្រចំនួនបីគម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន 16 គម្រោង, វិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួនពីរគម្រោង រួមនឹង កម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែងផងដែរ។
គិតត្រឹមត្រីមាសទីបី ឆ្នាំ 2023 កម្ពុជាមានបំណុលសាធារណៈក្រៅប្រទេស ចំនួនជាង 10.74 ពាន់លានដុល្លារអាម៉េរិក ស្មើនឹង 34% នៃផលិតផលក្នុងស្រុកសរុប។
ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាននៅឡើយ។ នេះបើតាមក្រសួងហិរញ្ញវត្ថុកម្ពុជា៕