ថ្នាក់ដឹកនាំនៃប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមដែលមានឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេស Johor – Singapore (SEZ)។
ក្រោយជំនួបពិភាក្សាកាលពីថ្ងៃទី 30 តុលា នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និងសមភាគីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីការព្រមព្រៀងឆ្ពោះទៅរកការបង្កើតតំបន់សេដ្ឋកិច្ចពិសេស SEZ ។ តំបន់សេដ្ឋកិច្ចពិសេសនេះនឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់ Iskandar រដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី ក្បែរព្រំដែនជាមួយនឹងសិង្ហបុរី។
«SEZ នឹងប្រើប្រាស់កម្លាំងបន្ថែមរបស់ប្រទេសទាំងពីរ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច តាមរយៈការកែលម្អលំហូរទំនិញ វិនិយោគ និងមនុស្សឆ្លងព្រំដែន» សេចក្ដីប្រកាសរួមលើកឡើងដូច្នេះ។
លោក លី សៀនឡុង អះអាងថា «ប្រការនេះនឹងធ្វើឱ្យប្រសើរឡើងនូវកម្លាំងទាក់ទាញផ្នែកសេដ្ឋកិច្ចសម្រាប់សិង្ហបុរី និងរដ្ឋ Johor របស់ម៉ាឡេស៊ី»។ លោកបន្ថែមថា ភាគីទាំងពីរកំពុងសហការគ្នាសិក្សាអំពីលទ្ធភាពនៃគម្រោង ដើម្បីកំណត់ចំណុចស្នូលរបស់តំបន់ពិសេស ជាពិសេសគឺផលប្រយោជន៍របស់អ្នកវិនិយោគ និងតម្រូវការទីផ្សារ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ឱ្យដឹងថា ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅក្នុងខែមករាឆ្នាំក្រោយ។
សិង្ហបុរី និងម៉ាឡេស៊ី គឺជាដៃគូសហការផ្នែកពាណិជ្ជកម្មធំជាងគេលំដាប់ទីពីររបស់គ្នាកាលពីឆ្នាំ 2022 ដោយចំណូយបានពីពាណិជ្ជកម្មសម្រេចបានជាង 83.5 ពាន់លានដុល្លារអាម៉េរិក។ សិង្ហបុរីក៏ជាមួយក្នុងចំណោមប្រភពវិនិយោគផ្ទាល់ពីបរទេសលំដាប់កំពូលរបស់ម៉ាឡេស៊ីផងដែរ ដោយរួមចំណែកប្រមាណ 8.3% នៃទុនវិនិយោគបរទេសសរុបកាលពីឆ្នាំកន្លង៕