ក្រសួងការងារថៃ បានចេញអនុក្រឹត្យថ្មីមួយដែលកំណត់តម្លៃថ្មីទៅលើការត្រួតពិនិត្យ និងផ្ដល់លិខិតពលកម្ម ចំពោះពលករបរទេសដែលមកពី កម្ពុជា និងប្រទេសមួយចំនួនទៀតដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមសារព័ត៌មានក្នុងស្រុក អនុក្រឹត្យខាងលើមានសុពលភាពរយៈពេល 4 ឆ្នាំ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី 10 វិច្ឆិកា 2023 និងអនុវត្តសម្រាប់ពលករដែលធ្វើការក្នុងក្របខណ្ឌកិច្ចសន្យា ឬអនុស្សរណៈនៃការយោគយល់ (MoU) ដែលទាក់ទងនឹងការជ្រើសរើសពលករ។
សេចក្ដីសម្រេចថ្មីនេះកំណត់ថា ថ្លៃទិដ្ឋាការសម្រាប់ពលករមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រូវបានកាត់បន្ថយពី 2,000 បាតនាបច្ចុប្បន្ន មកនៅត្រឹម 500 បាត ស្របពេលដែលថ្លៃស្នាក់នៅបណ្ដោះអាសន្ន (ថ្លៃពន្យារពេលទិដ្ឋាការរៀងរាល់ឆ្នាំ) ក៏ត្រូវបានបន្ថយពី 1,900 បាតនាបច្ចុប្បន្ន មកនៅត្រឹម 500 បាតផងដែរ។
ក្រសួងការងារថៃសង្កត់ធ្ងន់ថា អនុក្រឹត្យខាងលើគឺស្របនឹងវិធីសាស្ត្ររបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការជ្រើសរើសពលករបរទេស ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសនេះ ក៏ដូចជាការរួមចំណែកស្ដារសេដ្ឋកិច្ចក្រោយសម័យកូវីដ-19។
យោងតាមព័ត៌មានរបស់នាយកដ្ឋានរដ្ឋបាលការងារបរទេសនៃប្រទេសថៃ ក្នុងខែកញ្ញា ប្រទេសនេះមានពលករបរទេសចំនួន 2,593,439 នាក់ និងប្រហែលមួយលាននាក់ទៀតកំពុងស្ថិតក្នុងដំណាក់កាលដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតការងារ ទៅតាមអនុក្រឹត្យចុះថ្ងៃទី 03 តុលា ឆ្នាំ 2023 របស់រដ្ឋាភិបាលថៃ៕