កាលពីពេលថ្មីៗនេះ ធនាគារជាតិឡាវ (BOL) ទើបតែបានសហការជាមួយក្រសួងការងារ និងសុខុមាលភាពសង្គម ដាក់ឱ្យដំណើរការយន្តការគ្រប់គ្រងការផ្ទេរប្រាក់ឆ្លងប្រទេសសម្រាប់ពលករឡាវនៅបរទេស និងពលករបរទេសនៅប្រទេសឡាវ។
ក្នុងដំណាក់កាលដំបូងនៃកម្មវិធីនេះ ភាគីទាំងឡាយនឹងដំណើរការសាកល្បងនូវបណ្ដាញផ្ទេរប្រាក់រវាងប្រទេសឡាវ និងប្រទេសកូរ៉េខាងត្បូង តាមរយៈកិច្ចសហប្រតិបត្តិការរវាងធនាគារពាណិជ្ជកម្មបរទេសឡាវ និងក្រុមហ៊ុន GLN របស់កូរ៉េខាងត្បូង ក្នុងបំណងជួយដល់ពលករឡាវនៅកូរ៉េខាងត្បូងអាចផ្ញើប្រាក់របស់ខ្លួនមកកាន់គ្រួសារដោយមានភាពងាយស្រួល។
បច្ចុប្បន្ន ពលករឡាវកំពុងមានការលំបាកក្នុងការបើកគណនីធនាគារនៅបរទេស ដោយសារតែត្រូវបំពេញលិខិតស្នាមច្រើនបែបច្រើនយ៉ាង និងត្រូវចំណាយប្រាក់ច្រើន នាំឱ្យមានសេវាកម្មផ្ទេរប្រាក់មិនស្របច្បាប់ និងបង្កការខាតបង់ដល់ពលករ។
គម្រោងនេះត្រូវបានចាត់ទុកថាជាយន្តការសហប្រតិបត្តិការដ៏ល្អរវាងពីរស្ថាប័ននៃរដ្ឋាភិបាលឡាវ ក្នុងទិសដៅបង្កលក្ខណៈងាយស្រួលដល់ពលករ ពលការិនី នៅក្នុងការផ្ញើប្រាក់មកស្រុក លើកទឹកចិត្តឱ្យមានសកម្មភាពទូទាត់ក្នុងបណ្ដាញធនាគារ រក្សាលំនឹងនៃប្រព័ន្ធហិរញ្ញវត្ថុ និងកាត់បន្ថយលំហូរហិរញ្ញវត្ថុមិនស្របច្បាប់៕