បើទោះជាមានមនុស្សមិនតិចដែលរិះគន់ថាអាក្រក់ និងត្រូវបានទំព័រ Time ដាក់ចូលទៅក្នុង «របកគំហើញដែលអន់» ព្រោះតែគ្មានប្រយោជន៍ ប៉ុន្តែ Crocs នៅតែអាចរកប្រាក់បានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
ក្នុងរយៈពេលជាង 20 ឆ្នាំ ស្បែកជើងដែលមានរូបរាងដូចទៅនឹងឈីសនេះ បានធ្វើឱ្យមានអ្នកចូលចិត្តខ្លាំង និងអ្នកស្អប់ខ្លាំងមិនតិចឡើយ។ ប៉ុន្តែ Crocs នៅតែជាបាតុភូមិមួយរបស់វិស័យម៉ូដែលទំនើប និងរកប្រាក់ចំណូលបាន 3.6 ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំកន្លង។
ស្បែកជើងនេះធ្វើពី croslite ដែលជាជ័រប្រភេទទន់ ស្រាល និងមិនរក្សាក្លិន។ ដំបូងឡើយ វាត្រូវបានវាយតម្លៃថាអាក្រក់ ប៉ុន្តែនៅតែត្រូវបានលក់ ព្រោះតែងាយស្រួលពាក់ ទាំងនៅលើដីគោក ទាំងនៅក្នុងទឹក។
កាលពីឆ្នាំ 2010 ទស្សនាវដ្ដី Time បានដាក់បញ្ចូល Crocs ទៅក្នុងបញ្ជីឈ្មោះស្ដីអំពីរបកគំហើញដែលអន់បំផុតទាំង 50 របស់ពិភពលោក។ ក៏ប៉ុន្តែ បច្ចុប្បន្ន បុគ្គលល្បីឈ្មោះជាច្រើនរូបកំពុងប្រើប្រាស់ស្បែកជើងយីហោនេះ។
យោងតាម Lucy Thornley ដែលជាអនុប្រធានផ្នែកនិន្នាការ អតិថិជន រចនា និងផលិតផលរបស់ Crocs ឱ្យដឹងថា មានមូលហេតុពីរយ៉ាងដែលនាំឱ្យ Crocs ទទួលបានជោគជ័យ រួមមាន អ្នកប្រើប្រាស់វ័យក្មេងចូលចិត្តប្រើប្រាស់ស្បែកជើងនេះ និងរចនារូបរាងរបស់វាត្រូវបានបន្ទាន់សម័យ៕